កំពូលតារា Cam.pop Galaxy Navatra តន់ ចន្ទសីម៉ា កាលពីយប់មិញនេះបានប្រកាស បរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១០០លានរៀល ដើម្បីលើកកម្ពស់សិល្បៈបុរាណខ្មែរ ដោយការបរិច្ចាគនេះ អាចនិយាយបានថា នាងគឺជាតារាចម្រៀងទី១នៅក្នុងប្រទេសកម្ពុជាដែលហ៊ានបរិច្ចាគថវិកាផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ។


ការប្រកាសបរិច្ចាគថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ជួយផ្នែកសិល្បៈបុរាណបែបនេះ បន្ទាប់ពីនាង ទើបតែទទួលបានការងារពីក្រុមហ៊ុនធំៗចំនួន៣ ដោយតម្លៃខ្លួនលើការងារការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនទាំង៣នោះ តន់ ចន្ទសីម៉ា ទទួលបានរហូតដល់ទៅជាង ៥០ម៉ឺនដុល្លារឯណោះ។ នេះបើតាមការបង្ហើបពីលោកលោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra។


ថវិកា១០០លានរៀល ដែលម្ចាស់បទ”Are you ok” បរិច្ចាគនោះ នាងបានផ្ដោតទៅជួយសិល្បៈបូរាណ មានដូចជា ល្ខោនខោល ចាប៉ីដងវែង សមាគមអ្នកនិពន្ធខ្មែរ ។ល។ តាមរយៈនាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ជាមួយនិងភាពជោគជ័យនេះផងដែរ កំពូលតារា Cam-pop Galaxy navatra តន់ ចន្ទសីម៉ា បានថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនជាខ្លាំង ដែលតែងតែគាំទ្ររូបនាង ទើបធ្វើឲ្យនាងមានឱកាសទទួលបានការងារពីក្រុមហ៊ុនធំបែបនេះ៕

