“រម្មណីយដ្ឋានបុរាណវិទ្យាភ្នំព្រះ” តំបន់ទេសចរណ៍ប្រៀបបានឋានសួគ៍ធម្មជាតិកប់ក្នុងព្រៃភ្នំដ៏ធំ ពោរពេញដោយដើមឈើធំៗ ជាម្លប់ត្រឈឹងត្រឈៃនៅហ៊ុំព័ទ្ធជុំវិញ។ ចំណែកនៅក្នុងភ្នំវិញ ថែមទាំងមានល្អាងភ្នំ និងរូងភ្នំនានាសុទ្ធសឹងត្រូវបានរៀបចំជាទីសក្ការៈនិងគោរព ដោយមានព្រះបដិមាចាប់ពីបីទៅប្រាំព្រះអង្គ។
មគ្គុទេសន៍ទេសចរ លោក សឿន សាយ ប្រាប់គេហទំព័រឧកញ៉ាញូស៍ថា រមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំព្រះ ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមានទេសភាពស្រស់ស្អាត ជាមួយនឹងរុក្ខជាតិខៀវស្រងាត់ ព្រៃភ្នំព័ទ្ធជុំជិតដែលបង្កើតបានជាទស្សនីយភាព សម្រាប់អ្នកទេសចរដែលចូលចិត្តធម្មជាតិ។
លោកបន្តថា ភ្នំព្រះ ហាក់ខុសប្លែកពីភ្នំមួយចំនួននៅក្នុងខេត្តកំពង់ស្ពឺ ហើយអ្វីដែលកាន់តែពិសេសនោះ គឺភ្ញៀវទេសចរណ៏អាចចោលភ្នែកក្រឡេកទៅមើលទេសភាពព្រៃឈើបៃតងខ្ចី អមជាមួយនឹងដុំថ្មធំៗប្រទាក់ក្រឡាជាន់គ្នា ដូចយើងដំរាប ដែលបណ្ដុំទេសភាពគួរជាទីគយគន់នៃរមណីយដ្ឋាន។ ម្យ៉ាងទៀត ភ្នំព្រះ គឺសក្ដិសមបំផុតសម្រាប់អ្នកស្រលាញ់ធម្មជាតិបៃតង ចូលចិត្តភាពស្ងប់ស្ងាត់ និងត្រូវការលំហែអារម្មណ៍ឲ្យស្រស់ស្រាយ។
បើតាមមគ្គុទេសន៍ទេសចររូបនេះ ការផ្តិតយករូបភាពពីទីកន្លែងទាំងនោះ ហើយយកមកចែកចាយបន្តនៅបណ្តាញសង្គមហ្វេសប៊ុកពិតជាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនរាប់មិនអស់ ព្រោះទាំងនេះបានទាំងជួយផ្សព្វផ្សាយកន្លែងទេសចរណ៍ស្អាតៗ នៅក្នុងស្រុក ហើយក៏បានជួយដោយប្រយោល ក្នុងរកចំនូលចូលប្រទេសជាតិផងដែរ។
សូមបញ្ជាក់ថា រមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំព្រះ មានទីតាំងស្ថិតនៅតាមផ្លូវទៅចម្ការអំពៅ លី យ៉ុងផាត់ ស្ថិតនៅ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺដោយមានចម្ងាយពីទីរួមខេត្តប្រមាណជា ៥០គីឡូម៉ែត្រ និង ១១៥គីឡូម៉ែត្រពីភ្នំពេញ។ តំបន់ទេសចរណមួយនេះ មានផ្ទៃដីជាង ១០០ ហិកតា ពោរពេញដោយខ្យល់អាកាសបរិសុទ្ធអាចសម្រាកលំហែកាយត្រជាក់ខ្លួនស្រួល ត្បិតមានដើមឈើធំៗ ជាម្លប់ត្រឈឹងត្រឈៃនៅហ៊ុំព័ទ្ធជុំវិញ៕