តារាសម្ដែងតែងតែបង្ហាញមុខក្នុងភាពយន្តលំដាប់អន្តរជាតិនានា និងជាតារាសប្បុរធម៌ផងផ្ដើមបណ្ដុះកូនស្រីច្បងរបស់ខ្លួនមានវ័យ ១៧ឆ្នាំឱ្យប្រឡូកចូលវិស័យភាពយន្តពេញទំហឹង។

ជាក់ស្ដែងកញ្ញា យោធិន វីរីយ៉ា ពេលនេះបានសម្រេចបំណងតាមរយៈការបង្ហាញខ្លួនក្នុងរឿង”ផ្ទះជួល” របស់ផលិតកម្មខ្មែរមេគង្គ ដែលជាផលិតកម្មឈានមុនខាងផ្នែកផលិតភាពយន្តប្រកបដោយគុណភាពនៅក្នុងប្រទេស កម្ពុជា។

ទោះជាចាប់ផ្ដើមដំបូងត្រឹមតួរងតែលោក សាវិន ហ្វីលីព ជាឪពុកបានបង្ហាញភាពរីករាយដោយឃើញការវិវត្តន៍ល្អនៃការចាប់ផ្ដើមដំបូងរបស់កូនស្រីខ្លួន។“ក្នុងនាមជាឪពុកបងពិតជារីករាយខ្លាំងណាស់ដោយឃើញការត្រួសត្រាយរបស់គាត់ដំបូង តែទទួលបានផលល្អសម្រាប់អាជីពរបស់គាត់”។

តារាសម្ដែងល្បីឈ្មោះរូបនេះបន្តថាបើគ្មានអ្វីប្រែប្រួលទេលោកសង្ឃឹមថាកូនស្រីរបស់ខ្លួនពិតជាអាចស្នងតំណែងរបស់ខ្លួនក្នុងគ្រួសារ ដោយបោះជំហានប្រឡូកក្នុងវិស័យភាពយន្ត។ លោកក៏សង្ឃឹមថាស្នាដៃដំបូងរបស់កូនស្រីខ្លួនក្នុងរឿងផ្ទះជួលនេះនឹងទទួលការគាំទ្រពីទស្សនិកជន ហើយកូនស្រីខ្លួនអាចនឹងក្លាយជាតារាល្បីម្នាក់ដូចជាឪពុកនាពេលដ៏ខ្លីខាងមុខ។

លោកក៏អរគុណចំពោះបងប្អូនមិត្តភ័ក្ដិទាំងអស់ដែលបានចូលរួមគាំទ្រលើកទឹកចិត្តកូនស្រី យោធិន វីរីយ៉ា ក្នុងការចូលរួមសម្ដែងភាពយន្តខ្នាតធំខាងលើដែលក្នុងសាច់រឿងនេះមានឈុតឆាក កម្សត់ រន្ធត់ កំប្លែង អាថ៌កំបាំង៕








