កូនស្រីប្រុស សម្តេច ហ៊ុន សែន ៤រូបចូលរួមពិធីក្រុងពលីថតរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី»

កម្សាន្ត

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយ៍ទូរទស្សន៍ បាយ័ន លោកឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងលោក ហ៊ុន ម៉ានី  ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមក្នុងពិធីក្រុងពាលីថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី» ក្រោមវត្តមានសម្តេច ហ៊ុន សែន នៅទីបញ្ជាការដ្ឋានកងអង្គរក្សសម្តេចតេជោនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃចន្ទ ទី១៣ ធ្នូនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌រមី» នឹងត្រូវថតជាខ្សែភាពយន្តភាគ ដែលនឹងត្រូវលក់ទៅឲ្យស្ថានីយ៍ទូរទស្សន៍នានា ដើម្បីចាក់ផ្សាយជាសាធារណៈជូនប្រជាជនបានទស្សនា។ កន្លងមករឿងនេះត្រូវបានតាក់តែងនិពន្ធជាល្ខោននិយាយ និងចាក់ផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយនានានៅកម្ពុជា ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តអ្នកស្ដាប់ទូទាំងប្រទេស ជាខ្សែរឿងដែលមានប្រជាប្រិយភាពបំផុត។

ដោយសារដំណើររឿងនៃខ្សែភាពយន្តមានលក្ខណៈប្រវត្តិសាស្ត្រកម្រិតថ្នាក់ជាតិ ជាប្រវត្តិនៃខ្សែជីវិតជាក់ស្តែងរបស់សម្តេចតេជោផងនោះ ទើបសម្តេចសម្រេចឲ្យបង្កើត គណៈកម្មការផលិតខ្សែភាពយន្តនេះឡើង។ សមាសភាពគណៈកម្មការទាំងអស់សុទ្ធតែជាអ្នកមានជំនាញពិតប្រាកដក្នុងការផលិតខ្សែភាពយន្ត ដែលទទួលបាននូវជំនឿទុកចិត្តពីសម្តេចតេជោ ជាម្ចាស់ដើមនៃប្រវត្តិសាច់រឿង។

កាលពីថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅ សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការកែសម្រួលសមាសភាពគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»។ សមាសភាពគណៈកម្មការផលិតភាពយន្តភាគរឿងដែលទើបកែសម្រួលថ្មីនេះ មានលោក ហ៊ីម សុទិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធាន, លោក ហ៊ុយ វាសនា អ្នកនិពន្ធ និងដឹកនាំរឿងជាអនុប្រធាន និងមានទីប្រឹក្សា, សមាជិកចំនួន១៣នាក់ផ្សេងទៀត៕