លោកជំទាវ ហ៊ុន ម៉ាណា ឧបត្ថម្ភឧបករណ៍បច្ចេកទេសថតទាំងស្រុងក្នុងការផលិតខ្សែភាពយន្តខ្នាតធំបែបប្រវត្តិសាស្រ្តមួយនេះ

កម្សាន្ត

ខ្សែភាពយន្តភាគខ្នាតធំ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលជាភាពយន្តបែបប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីជីវិតពិតៗ របស់សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការតស៊ូសង្រ្គោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានធ្វើពិធីក្រុងពលីរួចរាល់ហើយដើម្បីចាប់ផ្តើមដំណើរការថត នៅថ្ងៃចន្ទ ទី១៣ ម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីឲ្យដំណើរការថតខ្សែភាពយន្តខ្នាតធំនេះប្រព្រឹត្តិទៅដោយជោគជ័យតាមផែនការ គណៈកម្មការបានជ្រើសរើសតួសម្តែងប្រមាណជាង ១០៣នាក់ រួមនឹងប្រជាជនប្រមាណ ៥០០នាក់ ព្រមទាំងមានវត្តមានចូលរួមកម្លាំងរក្សប្រមាណ ៥០០នាក់ផងដែរ។ ទន្ទឺមនឹងនោះសម្រាប់ឧបករណ៍បច្ចេកទេសថត ត្រូវបានឧបត្ថម្ភទាំងស្រុងពីលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាទូរទស្សន៍ បាយ័ន ដែលជាកូនស្រីទីពីររបស់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា។

បើតាមលោក ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការផលិតភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី បានឲ្យដឹងថា ក្រុមការងារបានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច៥០០នាក់ ព្រមទាំងកម្លាំងអង្គរក្សចូលរួម៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ ដូចជាឈុតឆាកនៃការប្រយុទ្ធ ការធ្វើបាតុកម្ម ការរៀបចំពិធីកំសាន្តបុណ្យចូលឆ្នាំជាដើម។

លោកបន្ថែមថា ចំពោះឧបករណ៍បច្ចេកទេសថត ដោយមានការគាំទ្រពីលោកជំទាវ ហ៊ុន ម៉ាណា ហើយបានបញ្ជាទិញរួចរាល់ក្រោមការដឹកនាំរបស់ លោក វ៉ាន់ ឆាល៍ជួន ទីប្រឹក្សាជាន់ខ្ពស់ស្ថានីយ៍ទូរទស្សន៍បាយ័ន។ ក្នុងនោះក្រុមការងារបច្ចេកទេសថត បានធ្វើការហ្វឹកហាត់ ការប្រើប្រាស់សម្ភារៈបច្ចេកទេសទាំងនោះរួចរាល់ ព្រមទាំងធ្វើការថតសាកល្បងបានយ៉ាងស្ទាត់ជំនាញ។

ទាក់ទងនឹងដំណើរការផលិតត្រូវបានលោក ហ៊ឹម សុទិត្យា អះអាងាងថាដើម្បីតាមផែនការការងារផលិតរបស់ គណៈកម្មការ ការផលិតមាន៤៤ភាគ ប្រើពេលរយៈពេល១២ខែកន្លះយ៉ាងតិច ហើយការកាត់តដំឡើងរូបភាព និងត្រូវបញ្ចប់មុនពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ៕