សូមណែនាំឱ្យប្រិយមិត្តស្គាល់កាន់តែច្បាស់ពីតួឯកប្រុស និងតួអង្គស្រី ដែលនឹងត្រៀមខ្លួនសម្ដែងក្នុងរឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌រមី” ដែលជាភាពយន្តភាគ នឹងត្រូវបានចារឹកទុកជាប្រវត្តិសាស្ត្រសម្រាប់កូនចៅខ្មែរតជំនាន់ សិក្សាស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅពីវីរៈភាពរបស់ ស្ថាបនិកបិតាសន្តិភាពរបស់កម្ពុជា ក្នុងដំណើរផ្សងព្រេង យកជីវិតធ្វើដើមទុន ដើម្បីបាន “សន្តិភាព” ពិតប្រាកដជូនជាតិមាតុភូមិ។


តួឯកប្រុស ក្នុងរឿងនេះ សម្ដែងដោយ លោក ប៉ាន់ ខែមម៉ានូ ឯតួឯកស្រី សម្ដែងដោយ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន។ អ្នកទាំងពីរ នឹងចាប់ដៃគ្នាបញ្ចេញសមត្ថភាពសម្ដែង ក្នុងរឿងខាងលើនេះ។


“កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌រមី” ជារឿងបែបប្រវត្តិសាស្រ្ត ដែលនិយាយពីដំណើរជីវិតតស៊ូរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយមានបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងការស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋរហូតដល់មកដល់បច្ចុប្បន្ន។
វណ្ណកម្មបែបប្រវត្តិសាស្ត្រ រឿងភាគនេះ ដែលនឹងដំណើរការផលិតក្នុងពេលឆាប់ៗនេះ បានរៀបចំពិធីក្រុងពាលីថត កាលពីព្រឹកថ្ងៃចន្ទ ទី១៣ធ្នូ ឆ្នាំ២០២១ ក្រោមការអញ្ជើញចូលរួមផ្តល់កិត្តិយសពីសំណាក់សម្តេច ហ៊ុន សែន ផ្ទាល់ ព្រមទាំងកូនប្រុសស្រីចំនួន ៤រូបរបស់សម្តេច ថ្នាក់ដឹកនាំផ្សេងទៀត និងអ្នកឧកញ៉ា ឧកញ៉ា ជាច្រើនរូបផងដែរ៕




