តារាចម្រៀង លោក ខាន់ ជេមស៍ បានបណ្ដាក់ទុនរកស៊ីជាមួយផលិតផលថែរក្សាសម្រស់មួយមុខបន្ថែមទៀតហើយលើការងារសិល្បៈបច្ចុប្បន្ន គឺជាផលិតផលប្រភេទសាប៊ូលាងមុខធម្មជាតិ ដែលមានគុណភាពខ្ពស់ នាំចូលពីបរទេស។

លោក ខាន់ ជេមស៍ បានប្រាប់ឲ្យដឹងថាសាប៊ូលាងសម្អាត និងថែរក្សាស្បែកមុខ ដែលលោកបាននាំចូលមកគឺម៉ាក ម៉ាល់វី (MALVE) ដែលបានឆ្លងកាត់ការធ្វើតេស្តគុណភាពនិងទទួលស្គាល់ត្រឹមត្រូវ។ វាជាផលិតផល ដែលផលិតនៅប្រទេសថៃ ហើយកំពុងតែពេញនិយមខ្លាំង ដោយសារតែជាសាប៊ូធម្មជាតិ និងមានគុណភាពខ្ពស់ ហើយអ្នកដែលបានប្រើផលិតផលនេះម្ដងហើយ ធានាថា មិនអាចដកចិត្តបានឡើយ។

តារាចម្រៀងរូបនេះ បានលើកឡើងថា មូលហេតុដែលនាំឲ្យលោកសម្រេចរកស៊ីលើ ការនាំចូលផលិតផងខាងលើបន្ថែមពីលើអាជីពសិល្បៈដែលកំពុងតែមមាញឹកស្ទើរដកខ្លួនមិនរួច ក៏ព្រោះតែ ខ្លួនមើលឃើញថា ទីផ្សារការប្រើប្រាស់ផលិតផលថែរក្សាសម្រស់នៅប្រទេសកម្ពុជាបច្ចុប្បន្នកំពុងពេញនិយមខ្លាំង ទើបលោកនាំយកផលិតផលដែលមានគុណភាពនេះ ដើម្បីតម្រូវការអតិថិជន។

ម្ចាស់បទ”របាំចងស្នេហ៍” បានបញ្ជាក់ច្បាស់ៗថា បច្ចុប្បន្នលោកក៏កំពុងតែប្រើប្រាស់សាប៊ូនេះដែរ ដោយសារតែវាមានគុណភាព និងមិនប៉ះពាល់ដល់ស្បែកមុខ។ ចំពោះតម្លៃវិញ លោកក៏បានសិក្សាទីផ្សារច្បាស់លាស់រួចហើយផងដែរ គឺការលក់ចេញអតិថិជនអាចទទួលយកបាន ក្នុងនោះលោកកំពុងតែស្វែងរកដៃគូ ចែកចាយបន្តទូទាំង២៥ខេត្តក្រុង ក្នុងប្រទេសកម្ពុជាផងដែរ។

ការនាំចូលផលិតផលសាប៊ូលាងមុខម៉ាកMALVE មកក្នុងទីកម្ពុជាគឺជាជំហានដំបូង ប្រសិនបើមានការគាំទ្រច្រើន លោកគ្រោងនឹងនាំផលិតផលថែរក្សាសម្រស់ជាច្រើនទៀតចូលមកបន្ថែមទៀត ដើម្បីបំពេញតម្រូវការអតិថិជន៕


