កំពូលតារាចម្រៀង Cam-Pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ត្រៀមបង្ហាញខ្លួនលើឆាកConcert ជាលើកដំបូង នៅក្នុងកម្មវិធីបុណ្យភូមិក្នុងទឹកដី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលគ្រោងធ្វើឡើងចំថ្ងៃឆ្លងឆ្នាំ ទី៣១ ខែ ធ្នូ ឆ្នាំ២០២១ នេះ។

មួយរយៈកន្លងមក គ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា មិនធ្លាប់ឡើងឆាកConcert ម្ដងណាឡើយ ទោះបីជានាង បានច្បាមប្រជាប្រិយភាព និងវិវឌ្ឍន៍ខ្លួនរហូតក្លាយជាតារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជាហើយក្ដី។ ការមិនដែលបង្ហាញមុខលើឆាកConcert នេះ ក៏ព្រោះតម្លៃខ្លួនរបស់នាងត្រូវបានផលិតកម្មដាក់ក្នុងតម្លៃខ្ពស់គួរសម ជាហេតុធ្វើឱ្យក្រុមហ៊ុនល្មមៗដែលចង់ជួលនាងឡើងច្រៀងនោះមិនហ៊ានជួល។


បែបណាក្ដី ការទទឹងរង់ចាំចង់ឃើញកំពូលតារាចម្រៀង Cam-Pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ឡើងច្រៀងលើឆាកConcert បានមកដល់ហើយ សូមគោរពអញ្ចើញបងប្អូនចូលរួមទាំងអស់គ្នា បុណ្យភូមិសៀមរាប នឹងធ្វើឡើងក្នុងទឹកដីស្រុកបន្ទាយស្រី ក្នុងទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋានឡេង ណាវ៉ាត្រា ចាប់ពីម៉ោង 11:00ព្រឹក ដល់ម៉ោង 6:00 ល្ងាច។
ក្រៅពីការរាំលេងកម្សាន្តបែបSolo Concert នៃការប្រគំតន្រ្តីច្រៀងដោយផ្ទាល់ជាង100បទ របស់កំពូលតារាចម្រៀងCam-pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ហើយនោះ បងប្អូនដែលអញ្ជើញចូលរួមក៏អាចភ្លក់រសជាតិមុខម្ហូបប្រចាំតំបន់ ទាំង12 ស្រុករបស់បងប្អូនអ្នកខេត្តសៀមរាប ដែលរៀបចំជូនសាធារណៈជនផងដែរ៕


