បន្ទាប់ពីហក់ចូលលើវិថី ផាត់មុខធ្វើសក់ជាង២ឆ្នាំមកនេះ គួបផ្សំសមត្ថភាពនឹងជាមនុស្សម្នាក់មានទំនាក់ទំនងល្អផងនោះ បានធ្វើឲ្យយុវជនម្នាក់ មានទីផ្សារកាន់តែច្រើនឡើងៗបច្ចុប្បន្នលោកកំពុងតែកុងត្រាផាត់មុខឲ្យស្ថានីយទូរទស្សន៍មួយ ហើយធ្លាប់ចូលរួមផាត់មុខកម្មវិធីសិល្បៈធំជាច្រើន ព្រមទាំងផាត់មុខឲ្យតារាល្បីជាច្រើន ស្ទើររកពេលសម្រាកគ្មាន ។

មានស្រុកកំណើត ក្នុងស្រុក ពួក ខេត្ត សៀមរាប លោក ហង្ស សំណាង គឺមនុស្សម្នាក់ដែលមាន និស្ស័យធ្វើជា ជាងផាត់មុខធ្វើសក់តាំងពីដឹកក្ដី។ យុវជនរូបនេះបានព្យាយាមរៀនជំនាញនេះ ខណៈខ្លួនជាមនុស្សប្រុស ដែលមហាជនមួយចំនួនសើចពេបជ្រាយដាក់។ ដោយសារតែការស្រលាញ់ មានការតាំងចិត្ត ព្យាយាម មិនបោះបង់ចោលនៅគោលដៅ លើជំនាញដែលខ្លួនស្រលាញ់ បានជំរុញឲ្យ សំណាង ធ្វើបានដោយជោគជ័យ។

លោក ហង្ស សំណាង បានប្រាប់ឲ្យដឹងថា លោកបានប្រលូកហក់ចូលវិស័យផាត់មុខធ្វើសក់ជាង២ឆ្នាំក៏ពិតមែន ប៉ុន្តែចាប់ផ្ដើមមានទីផ្សារខ្លាំង នៅ១ឆ្នាំចុងក្រោយនេះ ដោយនៅក្នុងនោះលោកធ្លាប់ផាត់មុខឲ្យតារាចម្រៀងល្បីៗជាច្រើន ទាំងក្នុងផលិតកម្ម ទាំងកម្មវិធីសិល្បៈធំៗ។
លោករៀបរាប់ឲ្យដឹងថា ផលិតកម្មមួយចំនួនដែលថតMV ឬ ថតភាពយន្ត តែងតែហៅលោកផាត់មុខឲ្យ ទទឹមគ្នានោះដែរ កម្មវិធីសិល្ប៖ថ្នាក់ជាតិ នឹងអន្តរជាតិ ដូចជា បវរកញ្ញាចក្រវាល មាន៣០ ប្រទេសចូលរួមធ្វើនៅប្រទេសកម្ពុជាកាល១ឆ្នាំមុនក៏លោកបានផាត់មុខឲ្យដែរ។កាលពីពេលថ្មីនេះ កម្មវិធីបវរកញ្ញាភពផែនដី ដែលធ្វើនៅកម្ពុជាក៏លោកបានចូលរួមផាត់មុខឲ្យដូចគ្នា។ បច្ចុប្បន្នលោកបានកុងត្រា ផាត់មុខឲ្យស្ថានីយប៉ុស្តិ៍លេខ៥ នឹង ផាត់មុខឲ្យកូនក្រមុំតាមរោងការធំៗស្ទើរដកខ្លួនមិនរួច។

ស្នាដៃថ្មី១ទៀតដែលលោកបានធ្វើដែរត្រៀមបញ្ចេញនោះ គឺផាត់មុខឲ្យតួក្នុងរឿង”កុំងាកក្រោយ” របស់ផលិតកម្មកាឡាស៊ី ត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះផងដែរ។ ចំណងទៅថ្ងៃអនាគត លោក ហង្ស សំណាង ចង់បើកជា ហាងសម្អាងការផ្ទាល់ខ្លួន។ ចង់ដឹងស្នាដៃ លោក ហង្ស សំណាង មានទឹកដីខ្លាំងប៉ុណ្ណា សូមទស្សនរូបភាពខាងក្រោមទាំងអស់គ្នា៕















