ដើម្បីបញ្ចៀសនូវកំហុសឆ្គងដោយអចេតនា ឬធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃប្រាសាទខ្មែរដែលជាមរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ និងជាបេតិកភណ្ឌពិភពលោកផងនោះ សំដៅដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលមានបំណងចង់ធ្វើការថតវីដេអូឡាយបន្តផ្ទាល់ (live) អំពីប្រវត្តិប្រាសាទនានាក្នុងរម្មណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀតស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ត្រូវតែធ្វើការស្នើសុំដាក់សំណើរមកកាន់អាជ្ញាធរជាតិអប្សរាជាមុន ដោយភ្ជាប់ជាមួយនូវខ្លឹមសារដែលនឹងត្រូវធ្វើការផ្សព្វផ្សាយ។
បើតាមអាជ្ញាធរជាតិអប្សរា ចំពោះថតផ្សព្វផ្សាយបន្តផ្ទាល់ពីប្រាសាទនានាក្នុងរម្មណីយដ្ឋានអង្គរមានលក្ខណៈផ្សព្វផ្សាយជាសាធារណៈដើម្បីជំរុញវិស័យទេសចរណ៍ គឺមិនតម្រូវឲ្យបង់ប្រាក់នោះទេ លើកលែងតែការស្នើសំថតលក្ខណៈអាជីវកម្មដែលតម្រូវជាចាំបាច់ឲ្យអនុវត្តតាមនីតិវិធី និងគោលការណ៍ដែលបានកំណត់។
ស្ថិតក្នុងអំឡុងពេលរាតត្បាតសកលកូវីដ-១៩ អាជ្ញាធរជាតិអប្សរា បានបើកឲ្យក្រុមហ៊ុន ឬមគ្គុទេសក៍ទេសចរណ៍ដែលមានអាជ្ញាបណ្ណត្រឹមត្រូវពីក្រសួងទេសចរណ៍កម្ពុជា ធ្វើការថតឡាយវីដេអូតាមទូរសព្ទ ដើម្បីបកស្រាយអំពីប្រវត្តិសាស្រ្តប្រាសាទនានាទៅដល់ភ្ញៀវរបស់ខ្លួន ដោយមិនគិតប្រាក់នោះទេ។ នេះបើតាមការបញ្ជាក់ក្នុងលិខិតជូនដំណឹងពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៨ ខែធ្នូ។
ដោយឡែក សម្រាប់ការថតរូបសម្លៀកសំពាក់ប្រពៃណីបុរាណ (Pre-Wedding) ក៏តម្រូវឲ្យដាក់សំណើរថតសម្លៀកសំណាក់ប្រពៃណីបុរាណ មកកាន់អាជ្ញាធរជាតិអប្សរាផងដែរ ដើម្បីពិនិត្យនិងផ្តល់ការអនុញ្ញាតថតដោយឥតបង់ប្រាក់។ ក្នុងន័យនេះ គឺដើម្បីអាចគ្រប់គ្រង និងជៀសវាងនូវភាពអាណាធិបតេយ្យនានាក្នុងតំបន់រម្មណីយដ្ឋានអង្គររបស់កម្ពុជា៕