ខេត្តកំពង់ស្ពឺ នៅមិនឆ្ងាយពីទីរាជធានីភ្នំពេញ ដែលល្បីមានកន្លែងកម្សាន្តនិងគួរឱ្យចាប់អារម្មណ៍ច្រើនណាស់ ទាំងរមណីយដ្ឋានបែបវប្បធម៌ប្រវត្តិសាស្រ្ត រមណីយដ្ឋានបែបកែច្នៃ និងរមណីយដ្ឋានបែបធម្មជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ» ពេលកន្លងទៅ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺ ស្ថិតនៅចន្លោះប៉ូលសេដ្ឋកិច្ចធំពីរ គឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ហើយនឹងមានតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍បែបផ្សងព្រេងជាច្រើនកន្លែង។

យ៉ាងណា ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ លោក សៅ សារ៉ន បានឲ្យដឹងថា ខេត្ដកំពង់ស្ពឺមានរមណីយដ្ឋានទេសចរណ៍សរុបចំនួន ១៨កន្លែង រួមទាំងសហគមន៍ទេសចរណ៍ផងដែរ បន្ទាប់ពីមានការអភិវឌ្ឍ រីកចម្រើនលើហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ដ ភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ខេត្ដកំពង់ស្ពឺពីរាជធានីភ្នំពេញ ទៅកាន់ខេត្ដព្រះសីហនុ តែងតែឆ្លៀតពេលចូលកម្សាន្ដនៅតាមរមណីយដ្ឋានមួយចំនួនដែល នៅជិតផ្លូវជាតិលេខ៤ ជាពិសេសសេវាកម្មផ្នែកម្ហូបអាហារ ដែលមានរសជាតិឆ្ងាញ់ ក្នុងការ ទាក់ទាញខុសប្លែកពីមុខម្ហូបរបស់ខេត្ដផ្សេងទៀត។

បើតាមលោក សៅ សារ៉ន រមណីយដ្ឋានទេសចរណ៍ទាំង ១៨ កន្លែងនៅខេត្តកំពង់ស្ពឺ រួមមាន៖ រមណីយដ្ឋានអំពែភ្នំ-រមណីយដ្ឋាន គីរីរម្យក្រោម (អូររំចត)-រមណីយដ្ឋាន ផាគរីសត-រមណីយដ្ឋានកសិទេសចរណ៍ ម៉ុង ឬទ្ធីសែនជ័យ-រមណីយដ្ឋានកសិទេសចរណ៍ ភ្នំស្លឹកបុស្សស្លែង-រមណីយដ្ឋានកសិទេសចរណ៍ទឹកធ្លាក់ចំការក្រូច-រមណីយដ្ឋានបុរាណវិទ្យាភ្នំចាស់-រមណីយដ្ឋានបុរាណវិទ្យាភ្នំព្រះ-រមណីយដ្ឋានប្រវត្តិសាស្ត្រតេទឹកពុះ-សហគមន៍អេ-កូទេសចរណ៍ទឹកធ្លាក់ចំបក់-សហគមន៍ទេសចរណ៍គោកមានទី (ជ្រាវ)-សហគមន៍ទេសចរណ៍រងបំពង់ (ខ្នងផ្សារ)-សហគមន៍រស្មីសាមគ្គី (ល្ហឹម)-សហគមន៍ស្រែកិនឧិរ៉ាល់-សហគមន៍ព្រៃឈើនិងសត្វព្រៃប្រើបីមិន-សហគមន៍ទេសចរណ៍ទំនប់ស្លា-កីឡាដ្ឋានវាយកូនហ្គោល -ឧទ្យានជាតិសុរាម្រឹតគីរីរម្យ និងមានតំបន់គោលដៅទេសចរណជាច្រើនកន្លែងទៀត។

លោកប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា ជុំវិញការកម្សាន្តរបស់ភ្ញៀវទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺ គេសង្កេតឃើញមានរមណីយដ្ឋានទេសចរណ៍បែបកែច្នៃទទួលបានការចាប់អារម្មណ៍ខ្លាំង និងមានភ្ញៀវទៅលេងច្រើន ខណៈរមណីយដ្ឋានបែបធម្មជាតិមានភាពស្មុគស្មាញ ពិបាកធ្វើដំណើរ និងជួបឧបសគ្គច្រើនដោយសារសត្វល្អិតទិច ឬខាំ និងស្របពេលភ្លៀងធ្លាក់ជោគជាំរអិលឡើងមិនរួចជាដើម៕




