រយៈពេលមួយថ្ងៃ នៅថ្ងៃឆ្លងឆ្នាំសកល ២០២២ មានភ្ញៀវទេសចរសរុបជាង ១លាន១សែននាក់បានធ្វើដំណើរទៅកាន់តំបន់ទេសចរនានានៅទូទាំងប្រទេសកម្ពុជា ក្នុងនោះរាជធានីភ្នំពេញ និងខេត្តសៀមរាបមានអ្នកចូលទស្សនាច្រើនជាងគេបំផុត។ នេះបើតាមការឲ្យដឹងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០១ មករានេះ។
លោក ថោង ខុន បានឲ្យដឹងថា ស្ថិតិភ្ញៀវទេសចរនាឱកាសឆ្លងឆ្នាំសកល ២០២១ ឆ្លងចូល ២០២២ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២២) មានភ្ញៀវទេសចរសរុបមានចំនួន១,១៤៥,១៤១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១,១៣៩,៣៨៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន៥,៧៥៤នាក់។ លោកថាគោលដៅទេសចរណ៍សំខាន់ៗ ដូចជានៅរាជធានីភ្នំពេញមានចំនួន ៣៦៥,៦៥៣នាក់ សៀមរាប ១៨៩,៤៣៦នាក់ កំពត ៩៦,១៣៨ នាក់ កំពង់ស្ពឺ ៨០,១០០នាក់ កំពង់ឆ្នាំង ៧១,៨៦៩នាក់ កែប ៦៦,១៣៥នាក់ និងខេត្តព្រះសីហនុ ៥៥,៧១៧នាក់។
លោករដ្ឋមន្ត្រីគូសបញ្ជក់ថា តួលេខនេះបង្ហាញឲ្យឃើញថាមានការកើនឡើងដល់ទៅ ៦៣.៦៥% ធៀបនឹងឱកាសឆ្លងឆ្នាំសកល២០២០ឆ្លងចូល២០២១។ លោកបន្តថា គោលដៅទេសចរណ៍នានានៅទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ ១០០% ខណៈដែលមូលដ្ឋានអាជីវកម្មទេសចរណ៍ផ្សេងៗក៏បានបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញកាន់តែច្រើនឡើង។
ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន ដោយមានការទទួលទានអាហារ-ភេសជ្ជៈ ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ-មិត្តភក្តិ ខ្លះទៀតក៏បានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋានផាប់ (Pub) និង Sky Bar នានា។
លោក ថោង ខុន បានបញ្ជាក់បន្ថែមទៀតថា គ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍បានអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ក្រោមការចុះពិនិត្យ អប់រំ និងណែនាំពីរដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្ត៕