រឿង «កុំងាកក្រោយ» ដែលជាស្នាដៃទី២ របស់ផលិតកម្ម « Galaxy Navatra » បានដាក់សម្ផោធ ជាផ្លូវការ នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅរោងភាពយន្តអេឌីនបឹងកក់ ដោយមានតារាសិល្បៈជាច្រើនដួង អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈក្រោយពីបញ្ចេញរឿងទី១ “កំពូលល្ងង់នៅអាស៊ី” នៅពេលនេះ ផលិតកម្ម Galaxy របស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ចេញស្នាដៃទី២ទៀតហើយ គឺរឿង “កុំងាកក្រោយ” ដែលជាស្នាដៃដឹកនាំរឿងរបស់ រ៉ូណាន ចាន់ណា។នេះជារសជាតិថ្មីរបស់ផលិតកម្ម ដែលរឿងទី១ជាប្រភេទរឿងកំប្លែងសើចសប្បាយ ប៉ុន្តែរឿងទី២នេះវិញ គឺប្រភេទរឿងភ័យរន្ធត់ ព្រឺព្រួច បើនៅម្នាក់ឯងស្ទើរមិនចង់ហ៊ានមើល។

បើយោងតាមការបញ្ជាក់របស់លោក ចាន់ណា រ៉ូណាន់ អ្នកនិពន្ធ និងដឹកនាំរឿងបានលើកឡើងថា នេះ ជាស្នាដៃដែលលោកបានដាក់ចិត្តដាក់បេះដូង កម្លាំងកាយចិត្តរួមគ្នាជាមួយសិល្បករ និងក្រុមការងារដើម្បីបង្កើតឲ្យបានភាពយន្តដែលមានគុណភាព និងបំពេញចិត្តទស្សនិកជន។ ទោះឆ្លងកាត់ការលំបាក ពិសេសការថតរហូតដល់យប់ជ្រៅ ទីតាំងនៅខេត្តបាត់ដំបង ប៉ុន្តែក្រុមការងារ សិល្បករ ពិតជាសប្បាយចិត្តដែលស្នាដៃមួយនេះត្រៀមចាក់បញ្ចាំង។

លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា ដែលជាម្ចាស់ផលិតកម្មបានថ្លែងថា ភាពយន្តរឿង «កុំងាកក្រោយ» ត្រូវបានផលិតជិតរយៈពេលកន្លះឆ្នាំ ទម្រាំបានបញ្ចាំង ដោយលោកឧកញ៉ា រំពឹងយ៉ាងខ្លាំងថា ភាពយន្តនេះ នឹងទទួលបានភាពជោគជ័យ និងមានការគាំទ្រច្រើន ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ពីព្រោះសម្អាងថា ជារឿងដែលមានរូបភាពភ្លឺច្បាស់ល្អ សម្លេងស្ដង់ដា និងមានគុណភាពពេញលក្ខណៈជាភាពយន្ត និងមានឈុតឆាកភ័យរន្ធត់តាំងពីដើមរហូតដល់ចប់ គឺទាក់ចិត្តតែម្តង។

លោកឧកញ៉ាវ័យក្មេងរូបនេះ បានឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ផលិតកម្មរបស់លោក និងត្រៀមរៀបចំដើម្បីផលិតនូវរឿងថ្មីៗទៀតជាច្រើន ដើម្បីបំពេញតាមសេចក្ដីត្រូវការ របស់ប្រិយមិត្ត។

លោកបានបន្ថែមថា រឿងទាំងពីររបស់ផលិតកម្ម លោកផលិតកន្លងមកនេះ គ្រាន់តែជាការឆាប់ផ្ដើមដំបូងប៉ុណ្ណោះ។ លោកឧកញ៉ាបន្ដថា លោកមានមហិច្ឆតាធំ ដោយចង់ផលិតរឿងជាច្រើនទៀតដើម្បីបង្ហាញពីគុណភាព និងស្នាដៃរបស់កូនខ្មែរ ដើម្បីយកទៅប្រកួតប្រជែងនៅលើទីផ្សារអន្ដរជាតិទៀតផង។ រឿង «កុំងាកក្រោយ» នេះបានចំណាយថវិការអស់ប្រមាណជា ៦ ម៉ឺនទៅ ៨ម៉ឺនដុល្លារ ផងដែរ។

រឿង «កុំងាកក្រោយ» ចូលរួមសម្តែងដោយ តារាសម្តែងជាច្រើនរូបរួមគ្នាមានដូចជាលោក ទ្រី តារាវុធ កញ្ញា ឆាយ នីតា លោក ជា លាងឈែ លោក ភីម៉ៃ លោកស្រី អ៊ុំ សក្ខណា និងតារាសម្តែងជាច្រើនរូបទៀត។ ការដាក់លក់សំបុត្រជាផ្លូវការនៅ ថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០១៩ នៅគ្រប់រោងភាពយន្តទាំងអស់ក្នុងរាជធានីភ្នំពេញ។ តាមកាលវិភាគ ក្រៅពីនៅភ្នំពេញ បងប្អូនប្រិយមិត្តនៅតាមបណ្ដាខេត្តដូចជា បាត់ដំបង-សៀមរាប-ព្រះសីហនុ-បន្ទាយមានជ័យ-ប៉ោយប៉ែត-តំបន់អ្នកលឿង-ស្វាយរៀង និងខេត្ត កំពង់ចាម ក៏អាចទស្សនាព្រមៗគ្នាដែរ៕











