មកកម្ពុជាជើងនេះ Angelina Jolie បើកកម្មវិធីចិញ្ចឹមឃ្មុំ ដើម្បីពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូល

កម្សាន្ត

រយៈពីរថ្ងៃ គឺថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកុម្ភៈនេះ លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅឧទ្យានជាតិអង្គរ។ ហើយលោកស្រីក៏បានចូលរួមសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។

តាមរយៈទំព័រហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា កម្មវិធីចិញ្ចឹមឃ្មុំនេះមានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងបេសកកម្មនេះ លោកស្រី Angelina Jolie បានទៅទស្សនាប្រាសាទអង្គរវត្តផងដែរ។ ការបង្ហាញវត្តមានដ៏សំខាន់ក្នុងបេសកកម្មរបស់ខ្លួននៅពេលនេះ តារាហូលីវូដរូបនេះ ក៏បានជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ដើម្បីបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្តិភាព។

សូមជម្រាបថា លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN និងជាតារាហូលីវូដដ៏ល្បីលើពិភពលោក។

ក្រៅពីអាជីពជាតារាសម្តែងស្ត្រីលេចធ្លោរូបនេះ ក៏បានចូលរួមចំណែកខ្ពស់ក្នុងវិស័យមនុស្សធម៌ផងដែរ ដោយលោកស្រីបានជួយដល់កិច្ចការ ជាច្រើនក្នុងនោះមានដូចជា៖ អគ្គរដ្ឋទូតសុឆន្ទៈប្រចាំអង្គការ UNHCR, ការអភិរក្សនិងការអភិវឌ្ឍសហគមន៍, អន្តោប្រវេសន៍កុមារ និងការអប់រំ, សិទ្ធមនុស្ស និងសិទ្ធស្ត្រី។ ដោយសារភាពជោគជ័យក្នុងនាមជាតារាសម្តែង និងការងារមនុស្សធម៌ ជម្រុញឱ្យលោកស្រីមានភាពល្បីល្បាញពាសពេញពិភពលោក និងទទួលបានពានរង្វាន់ជាច្រើន បានមកពីស្នាដៃដ៏លេចធ្លោរបស់ស្ត្រីដែលធ្លាប់មានប្រវត្តិជាក្មេងបាតសង្គមរូបនេះ៕