រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំ ជាមួយសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ដើម្បីពិភាក្សា អំពីផែនការអភិវឌ្ឍន៍ទិសដៅទេសចរណ៍ផ្លូវទឹក នៅថ្ងៃទី២៦ ខែមីនាម្សិលមិញ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានបង្ហាញអំពីគោលបំណងសំខាន់របស់រដ្ឋបាលខេត្ត ដែលកំពុងជំរុញទិសដៅក្នុងការអភិវឌ្ឍន៍លេីវិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យធ្វេីដំណេីរកំសាន្តមកខេត្តព្រះសីហនុកាន់តែច្រើនឡើង ពិសេសការពង្រីកវិសាលភាពតំបន់ទេសចរណ៍តាមកោះនានាក្នុងខេត្តព្រះសីហនុ។

ជុំវិញទិសដៅនិងផែនការអភិវឌ្ឍន៍វិសយ័ទេសចរណ៍ផ្លូវទឹកក្នុងខេត្តព្រះសីហនុ ដែលរដ្ឋបាលខេត្តដាក់ចេញ ឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានលើកឡើងថា ប្រតិបត្តិករទាំងអស់ក្នុងសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ នឹងចូលរួមអនុវត្តន៍ឱ្យបានល្អ ពិសេសលើការដឹកជញ្ជូនភ្ញៀវ ទាំងសុវត្ថិភាពនិងការផ្តល់សេវាល្អ ដើម្បីឱ្យទីផ្សារទេសចរណ៍ក្នុងខេត្តព្រះសីហនុកាន់តែប្រសើរឡើង បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩នៅកម្ពុជាបានធូរស្រាល តាមរយៈការខិតខំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសការស្វែងរកវ៉ាក់សាំងមកចាក់ជូនពលរដ្ឋទូទាំងប្រទេស។

គួររំលឹកផងដែរថា ក្នុងរយៈពេល ៣ថ្ងៃ នៃពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន (២៤-២៥-២៦) ខេត្តព្រះសីហនុទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន ៨៧,៧៦៥នាក់ កើនឡើង ២៤.៥២% ក្នុងនោះមានភ្ញៀវជាតិ ៧៤,៤៩៥នាក់ និងភ្ញៀវអន្តរជាតិ ១៣,២៧០នាក់ (ថយចុះ ៤៨.៨០%)។
លើសពីនេះ វិស័យទេសចរណ៍ខេត្តព្រះសីហនុនឹងមានការប្រែប្រួលមុខមាត់ថ្មី ខណៈអាជ្ញាធរ និងវិស័យឯកជនកំពុងរួមគ្នាជំរុញការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ២០២១-២០២៥ តាមរយៈការដាក់ចេញនូវផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ជាបន្តបន្ទាប់៕