បុរសម្នាក់ត្រូវបានគេបាញ់សម្លាប់ នៅក្នុងនៅភោជនីដ្ឋានហេបភីណេស ស៊ុប និងខារ៉ាអូខេគ្រួសារ លើផ្លូវត្រសក់ផ្អែម (ផ្លូវ៦៣) ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ នៅម៉ោង៤ជាងទៀបភ្លឺថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ។

បើតាមបុគ្គលិកក្នុងហេតុ ដែលបានឃើញហេតុការណ៍នេះបានបញ្ជាក់ថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះ និងបុរសម្នាក់ទៀតដែលជាជនដៃដល់ បានជិះរថយន្តមកជាមួយគ្នាដើម្បីហូបស៊ុប ពេលជិតមកដល់ភោជនីយដ្ឋាន ជនរងគ្រោះបានដើរចូលក្នុងហាងអង្គុយតុមុន ឯជនដៃដល់ក៏នៅរៀបចំចតរថយន្តនៅខាងក្រៅ។ បន្ទាប់ពីចតរថយន្តរួចជនដៃដល់ បានដើរចូលក្នុងហាង និងទាញកាំភ្លើងបាញ់ផ្អឹបសៀតផ្កាជនរងគ្រោះ១គ្រាប់ បណ្តាលឲ្យជនរងគ្រោះអង្គុយស្លាប់លើតុ។ បន្ទាប់ពីធ្វើសកម្មភាពបាញ់រួច ជនដៃដល់ក៏បានដើរចេញពីហាង ដោយមានបុរស២នាក់ផ្សេងទៀត បើករថយន្ត និងជិះម៉ូតូ១គ្រឿងមកទទួល បើកគេចខ្លួនបាត់។

សមត្ថកិច្ចបានបញ្ជាក់ថា
សពបុរសដែលឃាតករបាញ់សម្លាប់មានឈ្មោះ
ហូ មិនា អាយុ២៦ឆ្នាំ មុខរបរឌីជេ
មានទីលំនៅសង្កាត់ជ្រោយចង្វារ
ខណ្ឌជ្រោយចង្វារ ។

ក្រោយកើតហេតុសមត្ថកិច្ចពាក់ព័ន្ធ បានចុះមកពិនិត្យជាក់ស្តែងដើម្បីស្រាវជ្រាវតាមចាប់ឃាតករយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ ចំណែកសាកសពក្រោយពិនិត្យកោសល្យវិច័យរួច សមត្ថកិច្ចបានធ្វើលិខិតប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕