ចុងសប្ដាហ៍ទី១ ខែមេសា កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង២១ម៉ឺននាក់

កម្សាន្ត

នាថ្ងៃចុងសប្ដាហ៍ទី១ ខែមេសា ពោលគឺនៅថ្ងៃទី០២ និងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ នៅ​ទូទាំង​ប្រទេសកម្ពុជា ទទួលបានភ្ញៀវសរុបមានចំនួន ២១២,៨៣៦នាក់ ក្នុងនោះភ្ញៀវជាតិ ១៩៩,១១៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៣,​៧២៣នាក់។ នេះបានតាមការអោយដឹងពី​លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា ចរន្តភ្ញៀវកាលពីចុងសប្តាហ៍កន្លងទៅ​នេះ មានសន្ទុះកើនឡើងវិញបន្តិច បន្ទាប់ពីមានការថមថយនា២សប្តាហ៍ចុងក្រោយ ដែល​ជះ​ឥទ្ធិព​លពីការកើនឡើងតំលៃប្រេងសាំង។ ជាក់ស្តែង តួលេខខាងលើ មានការកើនឡើ​ងប្រ​មាណ ៣,១% ធៀបនឹងចុងសប្តាហ៍កន្លងមក។​ទន្ទឹមនឹងនេះនាចុង​សប្តាហ៍​ពិសេស​ថ្ងៃ​អាទិត្យ មានប្រជាពលរដ្ឋដែលជាប់ខ្សែស្រឡាយចិន បានចេញធ្វើដំណើរទៅស្រុកកំណើត ដើម្បីធ្វើ​ពិធីសែនឆេងម៉េង ដែលបានចរាចរណ៍នា​តាមដង ផ្លូវជាតិមួយចំនួនមានការកក​កុញតាំងពីព្រឹកព្រលឹម។

លោករដ្ឋមន្ត្រី បានបន្តទៀតថា នៅបណ្តារាជធានីខេត្ត បាននឹងកំពុងពន្លឿនការរៀបចំព្រឹត្តិការ​ណ៍​​​នានា ដើម្បីអបអរសាទរ និងកម្សាន្តសប្បាយនាពិធីបុណ្យ ចូលឆ្នាំប្រពៃណី​ជាតិខាងមុខ។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានដាក់ចេញសារាចរណែនាំ​ដល់មន្ទីរ​ទេសចរណ៍ ឲ្យខិត​ខំ​សហការជាមួយរដ្ឋបាលរាជធានីខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងការ​គ្រប់គ្រង​ចរន្តភ្ញៀវ​ទេសចរ ការពង្រឹងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ រួមជា​មួយការ​ពង្រឹងគុណភាព​ផលិតផល និងសេវាកម្ម ទេសចរណ៍ នាឱកាសពិធីបុណ្យចូល​ឆ្នាំខាងមុខនេះផងដែរ ។

គួរបញ្ជាក់ថា នាថ្ងៃចុងសប្ដាហ៍ទី១ ខែមេសា ឆ្នាំ២០២២ ខេត្តដែលជា​គោលដៅទេស​ចរណ៍​សំខាន់ៗ ដែលមានភ្ញៀវទៅលេងកម្សាន្តច្រើន រួមមាន ខេត្តព្រះសីហនុ ៣១,៧២៣នាក់ រាជធានី​ភ្នំពេញ ២៧,៨៥០នាក់ ខេត្តកំពត ២៥,​៥៦​៤នាក់ ខេត្តបាត់ដំបង ២៣,២១៧នាក់ ខេត្តសៀមរាប ២១,៦១៥នាក់ ខេត្តកែប ១៦,៣៨២ នាក់ និង ខេត្តពោធិ៍​សាត់ ១២,៩៦៨នាក់ ៕ អត្ថបទ៖ ពុធិកា