លោកជំទាវឧកញ៉ា ឆាយ ស៉ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានលើកឡើងថា ដោយពិធីបុណ្យចូលឆ្នាំថ្មីជិតចូលមកដល់ហើយនោះ ប្រជាពលរដ្ឋក៏បានកក់សណ្ឋាគារ ផ្ទះសំណាក់ និងរមណីយដ្ឋានឯកជនជាបណ្ដើរៗហើយដែរនៅតាមបណ្ដាខេត្តផ្សេងៗ ដូចជានៅខេត្តជាប់តំបន់ឆ្នេរក៏មានការកក់សឹងតែពេញទៅហើយ នៅខាងប៉ែកភាគឦសានក៏មានការកក់ច្រើន រីឯនៅខាងខេត្តសៀមរាបក៏កក់ច្រើនដែរ។
លោកជំទាឧកញ៉ា បន្តថា សម្រាប់ភ្ញៀវទេសចរគួរតែជ្រើសរើសកន្លែងកម្សាន្តដែលធំទូលាយ ដូចជាតាមបណ្ដាខេត្តធំៗដែលសម្បូរសេវាកម្មច្រើន។ បើតាមលោកជំទាវខេត្តសៀមរាបនៅតែជាប៉ូលទេសចរណ៍មួយដ៏សំខាន់ក្នុងការទទួលភ្ញៀវទេសចរនាឱកាសបុណ្យចូលឆ្នាំខាងមុខ ខណៈបច្ចុប្បន្នពោរពេញដោយភាពស្អាត និងទាក់ទាញ សម្បទាទេសចរណ៍ក៏មានច្រើន រីឯការផ្គត់ផ្គង់សេវាកម្មនោះក៏ច្រើនដែរ។
នៅខេត្តសៀមរាប សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខឆាប់ៗនេះ នឹងមានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសៀមរាបនៅក្រុងសៀមរាប ផាប់ស្ត្រីត (Pub Street) អុំទូកលេងនៅតាមដងស្ទឹងសៀមរាប ល្បែងល្បាំប្រជាប្រិយ ការតាំងពិព័រណ៍ ពិធីកម្សាន្តតាមបែបសាសនានៅប្រាសាទចៅសាយទេវតាជាដើម។ នេះបើតាម លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប។
លោក ង៉ូវ សេងកាក់ បន្តថា មិនត្រឹមតែនៅក្នុងខេត្តប៉ុណ្ណោះទេ នៅតាមបណ្ដាស្រុកផ្សេងទៀតក៏រៀបចំកម្មវិធីកម្សាន្តច្រើន។ ក្រៅពីនោះ ភ្ញៀវទេសចរក៏អាចទៅទស្សនាកម្សាន្តនៅតាមគោលដៅប្រមាណ១៧គោលដៅទៀត ដូចជានៅសហគមន៍អេកូទេសចរណ៍ចង្ក្រានរយ ស្រុកវ៉ារិន នៅតំបន់ភ្នំគូលែនក៏មានសហគមន៍ថ្មីៗ២-៣ទៀតដែរ។
ជាមួយគ្នានោះ តំបន់ទន្លេសាបក៏មានភាពទាក់ទាញ ដូចជានៅសហគមន៍ចុងឃ្នាសក៏មានការរៀបចំឱ្យមានសកម្មភាពទេសចរណ៍ទាក់ទាញឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានទទួលយកមកគ្រប់គ្រងវិញ។
យ៉ាងណាលោកជំទាវ ឆាយ ស៉ីវលីន គូសបញ្ជាក់ថា ក្រៅអំពីខេត្តសៀមរាប និងតំបន់ឆ្នេរសមុទ្រ ភ្ញៀវទេសចរក៏អាចទៅទស្សនាកម្សាន្តនៅតាមតំបន់អេកូទេសចរណ៍ផ្សេងៗទៀត ដូចជានៅខេត្តកោះកុង ដែលជាតំបន់សម្បូរទៅដោយអេកូទេសចរណ៍ សម្រាប់ភ្ញៀវទេសចរដែលចង់ផ្សារភ្ជាប់ជាមួយធម្មជាតិ នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែងដែលសម្បូរទៅតំបន់អេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍នៅតាមដងទន្លេ ក៏ដូចជាខេត្តមណ្ឌលគិរី និងខេត្តរតនគិរីនៅតំបន់ភូមិភាគឦសាន ដែលសម្បូរទៅដល់តំបន់ទេសចរណ៍ច្រើន និងអាកាសធាតុល្អ។
ក្រៅពីនេះ ខេត្តបាត់ដំបងក៏ជាជម្រើសល្អៗសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តដំណើរទេសចរណ៍នៅតាមរមណីយដ្ឋាន តំបន់បេតិកភណ្ឌប្រវត្តិសាស្ត ម្ហូបអាហារឆ្ងាញ់ៗជាដើម៕