ពិព័រណ៌វប្បធម៌ ទេសចរណ៍ និងកីឡា ត្រូវបានបើកជាផ្លូវការហើយនាថ្ងៃទី៦ ខែមេសា ម្សិលមិញ នៅរាជធានីភ្នំពេញរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៦-១០ ខែមេសា ឆ្នាំ២០២២ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីជាតិ និងបំផុសពីផលិតផលទេសចរណ៍ក្នុងស្រុក។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន បានលើកឡើងថា តាមរយៈព្រឹត្តិការណ៍នេះក៏ជាឱកាសសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានមកទស្សនា និងស្វែងយល់អំពីពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាសមិទ្ធផលជាតិដ៏ធំធេងថ្មីសន្លាងមួយ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកថា ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាគោលដៅទេសចរណ៍ថ្មីមួយដែលស្ថិតនៅក្នុងតំបន់ដែលមានសក្តានុពលទាក់ទាញសម្រាប់ភ្ញៀវទេសចរ ហើយក៏នឹងក្លាយជាទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិ SEA Games ឆ្នាំ២០២៣ នាពេលខាងមុខនេះ។
ស្ថិតក្នុងវិបត្តិកូវីដ-១៩ លោករដ្ឋមន្ត្រី ថោង ខុន បានស្នើឲ្យចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងធានាបាននូវស្ថិរភាព និងនិរន្តរភាពនៃដំណើការមូលដ្ឋានអាជីវកម្មទេសចរណ៍ និងគោលដៅទេសចរណ៍ឡើងវិញ ជាពិសេសត្រៀមទទួលភ្ញៀវទេសចរដើរកម្សាន្តនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។

ជាមួយគ្នានេះ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានស្នើសុំឱ្យប្រជាជនក្នុងរាជធានីភ្នំពេញ និងភ្ញៀវទេសចរទាំងអស់ ត្រូវបន្តចូលរួមអនុវត្តវិធានការសុខាភិបាល វិធានការ «៣កុំ ៣ការពារ» និងស្នើឱ្យម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវបន្តអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) ទៅតាមប្រភេទសេវាកម្មរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។
សម្រាប់លោកស្រី បូរ៉ានិច តំណាងក្រុមហ៊ុនឯកជនដែលបានរួមគ្នារៀបចំកម្មវិធីពិព័រណ៍នេះក៏បានឱ្យដឹងដែរថា ព្រឹតិ្តការណ៍នេះមានកម្មវិធីប្រលងសម្លៀកបំពាក់វប្បធម៌ខ្មែរ អមដោយបទចម្រៀងបុណ្យចូលឆ្នាំខ្មែរ និងបទចម្រៀងប្រពៃណីខ្មែរ តាមរយៈការផ្សព្វផ្សាយតាមបណ្តាញសង្គម Tik Tok Award, Tik Tok Party និង Tik Tok Charity ដំបូងគេនៅកម្ពុជា ដែលនឹងប្រមូលផ្តុំតារា Tik Tok ល្បីៗប្រចាំកម្ពុជាមកជួបជុំគ្នា ដើម្បីប្រកួតប្រជែងយកជ័យលាភី Tik Tok Award ឆ្នាំ២០២២ និងប្រមូលថវិកាសប្បុរសធម៌ បរិច្ចាកដល់មន្ទីរពេទ្យគន្ធបុប្ផា។

ជាងនេះទៅទៀត ក៏មានការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងផលិតផលទូទៅ ពិព័រណ៌ទេសចរណ៍ ពិព័រណ៍អប់រំ ពិព័រណ៍វប្បធម៌ ពិព័រណ៍ហិរញ្ញវត្ថុ និងអចលនទ្រព្យ ពិព័រណ៍យានយន្ត និង ពិព័រណ៍កីឡា ដែលមានសរុបជិត៣០០ស្តង់៕
