រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិ «ភ្នំនាគស» ដែលមានតម្លៃជាង១លានដុល្លារអាមេរិក ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធជាផ្លូវការក្រោមវត្តមានលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ។

រមណីយដ្ឋានភ្នំនាគស ឬល្អាងព្រះនាងរំសាយសក់ គឺជារមណីយដ្ឋានមួយ ក្នុងចំណោមរមណីយដ្ឋានជាច្រើនទៀត ក្នុងខេត្តពោធិ៍សាត់ ដែលមានទេសភាពស្រស់ត្រកាល គួរជាទីគយគន់។

បើតាមស្ថាបនិកលោក អេង គន្ធា បានឲ្យដឹងថា ការបង្កើតរមណីយដ្ឋាននេះឡើង គឺបានជួយការពារព្រៃឈើ ធម្មជាតិ និងសត្វព្រៃឱ្យនៅគង់វង្ស ទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ពីសំណាក់ជនខិលខូចមួយចំនួន។

លោកថា ក្នុងរយៈពេលជាង០២ឆ្នាំមកនេះ លោកបានចំណាយទុនប្រមាណជាង១លានដុល្លារ ដែលបានមកតាមរយៈការគៀងគរពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន រួមទាំងថវិកាបដិភាគរបស់លោកផ្ទាល់ ដើម្បីធ្វើការអភិវឌ្ឍន៍តំបន់នេះ ក្នុងន័យទាក់ទាញភ្ញៀវទេសចរ និងផ្តល់កន្លែងដើរលេងកម្សាន្ត លំហែអារម្មណ៍បែបធម្មជាតិ ដោយមិនគិតថ្លៃ ឱ្យប្រជាពលរដ្ឋបានសិក្សាស្វែងយល់អំពីវប្បធម៌ប្រវត្តិសាស្ត្រ ដែលមាននៅទីតាំងនេះ។

លោក អេង គន្ធា បានបញ្ជាក់ថា សមិទ្ធផលដែលមានក្នុងរមណីយដ្ឋាននេះរួមមាន ចម្លាក់ព្រះពុទ្ធរូប រូបអ្នកមានបារមី ចាស់ព្រឹទ្ធាចារ្យ ការរៀបចំឱ្យមានសួនផ្កាគ្រប់ពណ៌ចម្រុះ រូបសំណាកលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ រូបសំណាកព្រះនាងរំសាយសក់ រូបសំណាកសត្វ ផ្លូវបេតុង កន្លែងអង្គុយលេងកំសាន្ត កន្លែងបាញ់ទឹក រូបព្រះអង្គតូច ព្រះអង្គធំ បាតដៃព្រះ ទីលានយន្ដហោះ និងផ្ទាំងថ្មតូចធំ ដែលមានម្លប់ដើមឈើត្រឈឹងត្រឈៃ លំអរដោយភ្លើងអគ្គីសនី ភ្លើងសូឡាព្រោងព្រាត ប្រៀបបានទៅនឹងទីក្រុងតូចមួយ ផុសនៅចំកណ្ដាលទ្រូងព្រៃ៕





