នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជាជូនលោក ព្រហ្ម ម៉ាញ ជា «កិត្តិឧទ្ទេសបណ្ឌិត» តាមសេចក្តីក្រាបបង្គំទូលថ្វាយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក ព្រហ្ម ម៉ាញ គឺជាសិល្បករអាយ៉ៃជើងចាស់មួយរូប ដែលមានឈ្មោះបោះសំឡេង។ ជានិច្ចកាល លោកតែងតែចាប់ដៃគូចម្រៀងអាយ៉ៃដ៏ស័ក្តិសមជាមួយអ្នកស្រី នួន សារី ហៅ យាយយ៉យ ។
លោក ព្រហ្ម ម៉ាញ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ហើយចាប់ផ្តើមចូលវិស័យសិល្បៈតាំងពីឆ្នាំ ១៩៧០ មកម្ល៉េះ ដោយកាលណោះលោកទើបតែមានអាយុ ២០ ឆ្នាំប៉ុណ្ណោះ ដែលគិតមកដល់ឆ្នាំ ២០២២ នេះ លោក ព្រហ្មម៉ាញ បានប្រឡូកក្នុងសិល្បៈប្រមាណជា ៥២ឆ្នាំមកហើយ ។
លោកមានបងប្អូនសរុប ៤ នាក់ (ប្រុសទាំងអស់) ហើយបងប្អូនរបស់លោកគឺមានមុខរបរខុសគ្នាទាំងអស់ ដោយបងប្រុសទី ១ មានជំនាញខាងគូរ រចនា ចម្លាក់ ឯបងប្រុសទី ២ គឺជាគ្រូបង្រៀន ហើយរូបលោកផ្ទាល់គឺជាអ្នកសិល្បៈ និង ប្អូនពៅរបស់លោកគឺជាកីឡាករប្រដាល់ ។
ប្រឡូកក្នុងវិស័យនេះអស់ជាច្រើន និង ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញនោះ លោក ព្រហ្មម៉ាញ ក៏ធ្លាប់បានចេញទៅសម្តែងនៅក្រៅប្រទេសផងដែរ ដូចជាចេញទៅសម្តែងនៅប្រទេសបារាំង អូស្ត្រាលី និង អាមេរិក ជាដើម។ យ៉ាងណា មួយរយៈចុងក្រោយនេះ លោកត្រូវបានរោគាព្យាធិយាយីដោយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
បច្ចុប្បន្ននេះលោក ព្រហ្ម ម៉ាញ មានវ័យ ៦២ ឆ្នាំហើយ ប៉ុន្តែលោកនៅតែបន្តចាប់អាជីពជាអ្នកចម្រៀងអាយ៉ៃដដែល ដោយទេពកោសល្យ និង ជំនាញកំប្លែងស្ងួតរបស់លោកនៅតែត្រូវបានទទួលស្គាល់ ពេញចិត្ត និង គាំទ្រលើសលប់ពីសំណាក់មហាជន មិនថាក្មេងចាស់ ប្រុសឬស្រីឡើយ។