សូមអបអរសាទរ! កីឡាការិនីជម្រើសជាតិកម្ពុជា ខាន់ ចេស្ដា ឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាជឺជិតស៊ូជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ (2022 IBJJF Pan Championships)នៅសហរដ្ឋអាមេរិក។ មោទកជាតិមួយនេះ កើតឡើង បន្ទាប់ពីកីឡាការិនីខាន់ ចេស្ដា បានយកឈ្នះលើកីឡាការិនី Thamires Diógenes de Aquino នៅវគ្គផ្ដាច់ព្រ័ត្រ លេីវិញ្ញាសាខ្សែក្រវាត់ខ្មៅផ្នែកនារី ក្នុងទីក្រុង Orlando រដ្ឋ Florida ។

ការប្រកួត 2022 IBJJF Pan Championships នៅសហរដ្ឋអាមេរិក បានធ្វើឡើងរយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី៦ ដល់ទី១០ ខែមេសា ឆ្នាំ២០២២ ហេីយនេះ ក៏ជាលេីកដំបូងដែលកីឡាការិនីកម្ពុជា ដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ IBJJF Pan Championships ។

គួររំឮកផងដែរថា កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ កន្លងទៅ កីឡាការិនីកូនកាត់ខ្មែរ-ម៉ិកស៊ិក-អាមេរិក រូបនេះ ក៏បានដណ្ដើមមេដាយមាសកម្រិតទ្វីបអាស៊ី និងស៊ីហ្គេម លើវិញ្ញាសារនេះជូនប្រទេសកម្ពុជាផងដែរ។ កីឡាការិនី កូនកាត់ ៣ សាសន៍រូបនេះ ក៏ធ្លាប់ត្រូវបានស្ថាប័នកីឡាជឺជិតស៊ូអន្ដរជាតិ ចាត់ថ្នាក់ថា ជាកីឡាការិនីលំដាប់កំពូលម្នាក់ នាពេលបច្ចុប្បន្ន បន្ទាប់ពីនាងបានអភិវឌ្ឍខ្លួនឱ្យកាន់តែខ្លាំងឡើងៗ រហូតពិបាករកគូប្រៀប ជាពិសេសការទទួលបានខ្សែក្រវាត់ខ្មៅក្នុងនាមកីឡាការិនីវ័យក្មេងជាងគេលើពិភពលោក។ ពោលគឺនៅវ័យត្រឹមតែ ២០ឆ្នាំប៉ុណ្ណោះ គិតត្រឹមឆ្នាំ២០២២នេះ៕
