រមណីយដ្ឋាន Try Palace Resort Sihanoukville ស្ថិតនៅពយកំពេញ ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលជារមណីយដ្ឋានសម្រាកលំហែដ៏ស័ក្តិសមបំផុត សម្រាប់អ្នកទេសចរមកកាន់ខេត្តព្រះសីហនុ ដែលចង់លេងកម្សាន្តលក្ខណៈឯកជន ឬជាលក្ខណៈគ្រួសារ។

ទ្រី ផាលេស រីសត អតីតកាលជាទីតាំងប្រមូលផលនេសាទ ដែលលយចូលទៅក្នុងសមុទ្រចម្ងាយប្រមាណជា ៣០០ម៉ែត្រមិនសូវជាមានរបៀបរៀបរយនោះឡើយ។ ក្រោយទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល អ្នកឧកញ៉ា ទ្រី ភាព ក៏បានកែលំអ និងអភិវឌ្ឍន៍នៅតំបន់នេះ ដោយបង្កើតជាឆ្នេរសិប្បនិម្មិត សាងសង់ផ្ទះសម្រាកលំហែប្រកបដោយភាពប្រណិត សាងសង់អាហារដ្ឋាន សាងសង់អាងសម្រាប់ហែលទឹក និងសួនច្បារសម្រាប់កម្សាន្តផងដែរ។

ក្នុងដំណើរមកកាន់ខេត្តព្រះសីហនុ ដើម្បីអមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អភិសេករូបសំណាកព្រះថោង-នាងនាគ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទីសុក្រ ទី១៥ ខែមេសានេះ បានកោតសរសើរចំពោះក្រុមហ៊ុនទ្រីភាពគ្រុប របស់អ្នកឧកញ៉ា ទ្រី ភាព ដែលបានកែលំអ និងអភិវឌ្ឍន៍នៅតំបន់ពយកំពេញ ឱ្យក្លាយទៅកន្លែងសម្រាកលំហែប្រកបដោយភាពទាក់ទាញនៅក្នុងក្រុងព្រះសីហនុ។

ជាមួយគ្នានេះ លោកស្រីក៏បានចាត់ទុកការកែលំអនៅតំបន់ពយកំពេញនេះ ជាការរួមចំណែកមួយដល់ការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុ ដែលជាខេត្តទេសចរណ៍តំបន់ឆ្នេរសមុទ្រដ៏មានសក្តានុពល។

«ទ្រី ផាលេស រីសត» ជាកន្លែងសម្រាកលំហែដ៏ទាក់ទាញបំផុតសម្រាប់អ្នកទេសចរ។ ដោយសារទីតាំងនេះលយចូលជ្រៅមកក្នុងផ្ទៃសមុទ្រធ្វើឱ្យតំបន់នេះ បានភពប្រសព្វជាមួយវាយោបក់បោកខ្លាំងធ្វើឱ្យអ្នកទេសចរអាចស្រូបបាននូវខ្យល់សមុទ្រប្រកបដោយភាពបរិសុទ្ធ អាចគយគន់ទិដ្ឋភាព និងទេសភាពនានាយ៉ាងត្រជាក់ភ្នែក។

លើសពីនេះ រីសត ក៏មានសភាពស្ងប់ស្ងាត់ដោយមិនមានការរំខានសំឡេងយានយន្តនានា ដែលជាការរំខានដល់ការសម្រាក និងការលំហែនោះឡើយ។ អ្វីកាន់តែពិសេសទៀតនោះ នៅតាមផ្ទះសម្រាកលំហែមានការរៀបចំស្នាក់នៅលក្ខណៈគ្រួសារ ប្រកបដោយភាពទាក់ទាញ មានអាងហែលទឹកផ្ទាល់ខ្លួន និងអាចរៀបចំពិធីផ្សេងៗលក្ខណៈគ្រួសារបានផងដែរ៕








