ខេត្តកំពត ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ធ្លាប់តែឈរលេខរៀងខ្ពស់ក្នុងចំណោមភ្ញៀវទេសចរណ៍មកលេងកម្សាន្តច្រើននាឪកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ នៅឆ្នាំ២០២២នេះ ចំនួនភ្ញៀវទាំង ៣ រាជធានីខេត្តនេះ បង្ហាញតួលេខធ្លាក់ចុះគួឲ្យកត់សម្គាល់ ខណៈដែលការអភិវឌ្ឍន៍កំពុងមានសន្ទុះខ្លាំងទាំងវិស័យទេសចរណ៍ធម្មជាតិ និងកែច្នៃនានា។
របាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញថា ខេត្តកំពតមានភ្ញៀវមកលេងកម្សាន្តប្រមាណជា ២៨៤,៨៩៣នាក់ ដោយឡែកខេត្តព្រះសីហនុ មានចំនួន ២៦៤,៣០៨នាក់ ខណៈដែលរាជធានីភ្នំពេញមានចំនួន ២៤០,៤៦០នាក់ប៉ុណ្ណោះ។
យ៉ាងណាខេត្តដែលមានចំនួនតួលេខភ្ញៀវទេសចរច្រើនជាងគេ គឺខេត្តបាត់ដំបងជាង ៦៥៣,៨៩៦នាក់ បន្ទាប់មកខេត្តកំពង់ចាម ៥៤១,៩០០នាក់ និងខេត្តបន្ទាយមានជ័យ ៤៧១,១១៩នាក់។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរប្រមាណជាង ៥លាននាក់ក្នុងរយៈពេល៤ថ្ងៃនេះ នៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ គឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់មែនទែនចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាកំឡុងខែធ្នូ ឆ្នាំ២០២១កន្លងមក ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសាកលកន្លងមក ភ្ញៀវសរុបមានប្រមាណ ២លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន -វៀតណាម ភ្ញៀវសរុបមានប្រមាណ ៩៤ ម៉ឺននាក់។
លោកបន្តថា ប្រជាពលរដ្ឋភាគច្រើន បានសម្រុកត្រលប់ចូលរាជធានីភ្នំពេញវិញចាប់តាំងពីពេលរសៀល ដែលបានធ្វើឲ្យចរាចរនៅតាមដងផ្លូវជាតិសំខាន់ៗ មានភាពកកកុញច្រើន។
លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ តាមបណ្តាសណ្ឋាគារ ប៊ូទីក ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗស្ទើរគ្រប់ខេត្ត ដែលមានលទ្ធភាពបើក អាជីវកម្មឡើងវិញនោះ បានទទួលការកក់ពេញស្ទើរ ១០០%។
ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលស្ទើរពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគតាមផ្លូវ៕