ក្រសួងបរិស្ថាន រៀបចំស្នើសុំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ

កម្សាន្ត

ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គាំទ្រការរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ វប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ ស្ថិតនៅក្នុងឃុំជើងភ្នំ និងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង សិក្សា ការកំណត់ និងរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ ដោយមានការចូលរួមពីតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែនិងថាមពល ក្រសួងទេសចរណ៍ និងតំណាងរដ្ឋបាលខេត្តព្រៃវែង។

លទ្ធផលនៃកិច្ចប្រជុំលើកនេះ បានគាំទ្រចំពោះការសិក្សា កំណត់ និងរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ ដែលជាទីតាំងដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រនៃ នគរគោកធ្លក ឬ នគរភ្នំ ដើមកំណើតទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនោះ អន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធនឹងចុះពិនិត្យ សិក្សាចុងក្រោយលើទីតាំងជាក់ស្ដែង និងកំណត់តំបន់គ្រប់គ្រង ព្រមទាំងដោះស្រាយផលប៉ះពាល់នានា មុននឹងក្រសួងបរិស្ថាន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល លើការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ។

គួររំលឹកថា ភ្នំ​ឈើ​កាច់​នេះ​ជា​កម្រង​ជួរ​ភ្នំ​ដ៏​ធំ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ជើងភ្នំ និង​ឃុំ​ឈើ​កាច់​នៃ​ស្រុក​បាភ្នំ​កម្រង​ជួរ​ភ្នំ​នេះ​មាន​ភ្នំ​ទាំង​តូច ទាំង​ធំ សរុប​ចំនួន​១៤​ភ្នំ ស្ថិត​នៅ​ក្បែ​ៗ​គ្នា និង​មានឈ្មោះ​រៀង​ៗ​ខ្លួន​ដែល​ចាស់ទុំ​ពី​មុន​ដាក់​ឲ្យ​ទៅ​តាម​រូបសណ្ឋាន​របស់​វា​ដូច​ជា ភ្នំ​សំពៅ ភ្នំ​បាញ់​ចារ ភ្នំ​តូច ភ្នំ​ធំ ភ្នំ​ល្អាង ភ្នំ​អ្នកតា​ទូល​ឈ្នាង ភ្នំ​យាយ​ទូល​កញ្ច្រែង ភ្នំ​គុក​ប្រជៀវ ភ្នំ​កំ​ផ្លុ​ក ភ្នំ​ស្លឹកគ្រៃ ភ្នំ​ថ្ម​បាញ់ ភ្នំ​ថ្ម​សរ ភ្នំ​យាយ​មេសរ និង​ភ្នំ​កំពូល​ឈើ​កាច់៕