ក្រសួងបរិស្ថាន៖ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នាំមកនូវចំណូល និងអភិរក្សធនធានធម្មជាតិ

កម្សាន្ត

មកដល់បច្ចុប្បន្ននេះ ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជា ស្ថិតនៅក្រោមការគ្រប់គ្រងបានល្អប្រសើរ ដោយអត្រានៃការឆ្លង និងអត្រាស្លាប់ស្ថិតនៅកម្រិតទាប។ លទ្ធផលនេះ ត្រូវបានក្រសួងបរិស្ថានចាត់ទុកថា បានជំរុញឲ្យការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដើរតួនាទីកាន់តែសំខាន់ ជួយបង្កើតការងារ ផ្តល់កម្លាំងជំរុញដល់សេដ្ឋកិច្ចជាតិ និងនៅមូលដ្ឋាន បានរឹងមាំជាងមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលទើបបានបញ្ចប់នាពេលថ្មីៗ ប្រជាពលរដ្ឋបានជួបជុំគ្នា សប្បាយរីករាយនៅតាមមូលដ្ឋាន ជាពិសេសបានធ្វើដំណើរទេសចរណ៍នៅតាមរមណីយដ្ឋាន តំបន់កម្សាន្ត ដែលមានទេសភាព និងធម្មជាតិស្អាតៗ ប្លែកៗនៅទូទាំងប្រទេស។

នៅក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នាថ្ងៃពុធ ទី២០ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញ ឱ្យបន្តអនុវត្តន៍កម្មវិធីទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី ដែលជាកម្មវិធីទេសចរណ៍មួយជួយដល់កំណើនជីវភាពប្រជាសហគមន៍នៅតាមមូលដ្ឋាន និងបានចូលរួមចំណែកកាន់តែប្រសើរការពារនិងអភិរក្សធនធានធម្មជាតិ។

ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលនៅពេលនេះ ក្រសួងបរិស្ថាន បានអះអាងពីការដឹកនាំរបស់សម្តេចតេជោ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីលើទឹកចិត្តដល់ប្រជាជនកម្ពុជា ដែលពីមុនមកមិនទាន់ស្គាល់មាតុភូមិដ៏ស្រស់បំព្រង និងមានមោទកភាព ដែលកម្ពុជាមានសម្បត្តិធម្មជាតិទាំងអស់នេះ កើតឡើងដោយសារ«សន្តិភាព និងស្ថេរភាពនយោបាយ» តាមរយៈនយោបាយឈ្នះឈ្នះ ដែលបង្កើតនិងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រយៈពេលជិត២៤ឆ្នាំកន្លងមក ហើយពេលនេះ វិស័យទេសចរណ៍នៅកម្ពុជា បានជំរុញឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិក៏បានស្គាល់មាតុភូមិកម្ពុជាដ៏បវរថ្លៃថ្លាកាន់តែច្បាស់។

ទន្ទឹមនឹងនេះ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នាំមកនូវចំណូលសម្រាប់ជួយគ្រប់គ្រងបណ្តាញតំបន់ការពារដ៏ធំល្វឹងល្វើយរបស់កម្ពុជា និងការពារសេវាកម្មអេកូឡូស៊ីដែលផ្តល់ដោយធនធានធម្មជាតិ ដែលកម្ពុជារក្សាបានតាមរយៈការបង្កើតតំបន់ការពារធម្មជាតិប្រទាក់ឡាគ្នាចំនួន៧៤កន្លែង គ្របដណ្តប់លើផ្ទៃដី៤១%នៃផ្ទៃដីប្រទេសទាំងមូល។ នេះបើតាមក្រសួងបរិស្ថាន។

កន្លងមក ក្រសួងបរិស្ថានបានពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងអភិរក្សជីវៈចម្រុះ ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ឌែលមានរហូតមកទល់ពេលនេះចំនួន១៧៨ សហគមន៍ ការអប់រំផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាពតាមគ្រប់មធ្យោបាយ និងការបំផុសស្មារតី «កម្ពុជាមាតុភូមិខ្ញុំ» ដែលបានប្រែក្លាយវិស័យបរិស្ថានទៅជា«ក្រវ៉ាត់បៃតង»។

យ៉ាងណា បើតាមក្រសួងបរិស្ថាន ដើម្បីប្រសិទ្ធភាព និងពង្រឹងវិធានការការពារនិងអភិរក្សធនធានធម្មជាតិ រួមមានព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀតឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់ទៅមុខ ក្រសួងបរិស្ថានបានផ្តល់ការគាំទ្របច្ចេកទេស ថវិកា ពូជសត្វ ដំណាំ និងកិច្ចសម្របសម្រួលជាមួយផ្សារទំនើបមួយចំនួន ដើម្បីដាក់លក់ផលិតផល សហគមន៍ ហើយកំពុងបន្តជំរុញលើកកម្ពស់ស្ថានភាពជីវភាពសហគមន៍ តាមរយៈការសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន អង្គការជាដៃគូ និងផ្នែកឯកជនពាក់ព័ន្ធ ក្នុងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ជាអាទិ៍កសិកម្មទំនើប អភិវឌ្ឍន៍ជនបទ អេកូទេសចរណ៍ ការអប់រំសម្រាប់ទាំងអស់គ្នា សុខភាពសហគមន៍ មន្ទីរពេទ្យ បង្គន់អនាម័យ ទឹកស្អាត និងអាហារូបត្ថម្ភ ជាដើម។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏បានផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងមធ្យោបាយដើម្បីពង្រឹងសមត្ថភាពសហគមន៍ទេសចរណ៍ធម្មជាតិផងដែរ ដើម្បីបង្កើនសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន ចូលរួមអភិវឌ្ឍ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ ហើយបានចូលរួមពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ ការអភិ ជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានកំណត់ទស្សនវិស័យបរិស្ថានយ៉ាងច្បាស់លាស់ គឺធានាឱ្យបាននូវគុណភាពនិងនិរន្តរភាពបរិស្ថាន និងការពារឱ្យបាននូវកេរ្តិ៍ដំណែលធនធានធម្មជាតិសម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប៕