កម្ពុជា ជ្រើសរើសយកកីឡាករ កីឡាការិនី និងអត្តពលិករបស់ខ្លួន សរុបចំនួន ៥៦០នាក់ ទៅចូលរួមការប្រកួត SEA Games លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម លើប្រភេទកីឡាចំនួន ៤០ប្រភេទ និង ៥២៦វិញ្ញាសាប្រកួត។
ក្នុងនោះ កម្ពុជា ក៏បានបញ្ចូនថ្នាក់ដឹកនាំ និងមន្ត្រីកីឡាចំនួន ៤៥នាក់, គ្រូបង្វឹក-គ្រូជំនួយចំនួន ៩៣នាក់, អាជ្ញាកណ្ដាលចៅក្រមអន្តរជាតិចំនួន ១៦នាក់, អ្នកដឹកនាំក្រុមចំនួន២២នាក់ និងក្រុមគ្រូពេទ្យចំនួន ២១នាក់។
ការប្រកួត SEA Games លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានរៀបចំប្រភេទកីឡាចំនួន ៤០ប្រភេទ និង ៥២៦វិញ្ញាសាប្រកួត។ ប្រទេសដែលបានចូលរួមប្រកួតជាសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍មានចំនួន ១១ប្រទេស រួមមាន៖ វៀតណាម, កម្ពុជា, ឡាវ, ប្រ៊ុយណេ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី, ហ្វីលីពីន, ថៃ, មីយ៉ាន់ម៉ា និងទីម័រខាងកើត ដែលមានចំនួនកីឡាករ-កីឡាការិនីសរុប ៧,១១៥នាក់ និងអ្នកស្ម័គ្រចិត្តបម្រើការងាររៀបចំប្រកួត ៣,០០០នាក់។
ដោយឡែក សម្រាប់ការស្នាក់នៅហូបចុក ម្ចាស់ផ្ទះរៀបចំនៅតាមសណ្ឋាគារ បែងចែកតាមប្រភេទកីឡា។
ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាដ៏ធំបំផុតរបស់តំបន់អាស៊ានមួយនេះ វៀតណាម បានស្នើសុំកញ្ចប់ថវិកាដំបូង ប្រមាណ ៦៩,៣ លានដុល្លារ ដោយ ៤២,៣ លានដុល្លារ នឹងត្រូវប្រើប្រាស់ សម្រាប់ការចំណាយលើការរៀបចំ ខណ: ២៥,៩ លានដុល្លារផ្សេងទៀត នឹងត្រូវបែងចែកសម្រាប់ការធ្វើឱ្យប្រសើឡើង និងជួសជុលទៅលើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការប្រកួត SEA Games នេះ ។
យ៉ាងណា ដោយសារតែជំងឺរាតត្បាតកូវីដ ១៩ ថវិការបស់វៀតណាម សម្រាប់ព្រឹត្តិការណ៍នេះ ត្រូវបានកាត់បន្ថយ ដោយនៅខែមករា ឆ្នាំ ២០២២ រដ្ឋាភិបាលវៀតណាម បានអនុម័តថវិការៀបចំ មកត្រឹមចំនួន ៣២,៨ លានដុល្លារវិញ។
ដោយឡែក នាថ្ងៃទី ១ ខែមេសាឆ្នាំ ២០២២ រដ្ឋាភិបាលវៀតណាម បានសម្រេចអនុម័តកញ្ចប់ថវិកាបន្ថែមចំនួន ១៦,៦៥ លានដុល្លារ សម្រាប់ការប្រកួត SEA Games ដោយទឹកប្រាក់នេះផងដែរ ត្រូវបានដកចេញពីថវិកាជាតិ សម្រាប់កីឡា និងការហ្វឹកហ្វឺនកាយសម្បទានៅឆ្នាំ ២០២២ ។
ជាមួយគ្នានេះ ក្រសួង និងទីភ្នាក់ងារកណ្តាល ចំនួន ៤ នឹងត្រូវបានផ្តល់ថវិកាចំនួន ៣៧៨,៣ ពាន់លានដុង ខណ:រដ្ឋបាលទីក្រុងហាណូយ និងខេត្តចំនួន ១១ ផ្សេងទៀត នឹងទទួលបានប្រាក់បន្ថែមចំនួន ៧០,៧ ពាន់លានដុង សម្រាប់រៀបចំព្រឹត្តិការណ៍នេះ ។
សូមជម្រាបថា SEA Games លើកទី ៣១ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនេះ នឹងប្រព្រឹត្តិទៅ នៅទីក្រុងហាណូយ និង ១១ ខេត្តនៅជាប់នោះ ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ នេះ ជាមួយនឹងប្រភេទកីឡាចំនួន ៤០ ដែលគ្របដណ្តប់ដោយ ៥២៦ ការប្រកួត និងត្រូវបានគេរំពឹងថាទាក់ទាញអ្នកចូលរួមប្រហែល ១០ ០០០ នាក់ ៕