រដ្ឋមន្រ្តីព្រមានប្រើធម៌ក្តៅលើការសម្តែង ឬការផ្សព្វផ្សាយណា ដែលប៉ះពាល់សីលធម៌សង្គម និងតម្លៃស្ត្រី

កម្សាន្ត

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា នឹងចាត់វិធានការមួយចំនួនចំពោះអ្នកផលិតករ សិល្បករណាដែលប៉ះពាល់ដល់សីលធម៌សង្គម តម្លៃស្ត្រី និងកុមារ តាមរយៈការហៅមកអប់រំ និងចាត់វិធានការផ្លូវច្បាប់ផ្សេងៗទៀតក្នុងករណីមិនរាងចាល។ នេះបើតាមប្រសាសន៍របស់លោកជំទាវ ភឿង សកុណា ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី «តួនាទីផលិតករ សិល្បកររួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គមនិងទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងកុមារ«តាមរយៈវីដេអូខ្លី» កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ ភឿង សកុណា បានជំរុញអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ត្រូវតាមដានលើមាតិកា ខ្លឹមសារ រូបភាព និងការសម្ដែងតាមកម្មវិធីនានា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយគ្រប់រូបភាព និងការសម្ដែងផ្ទាល់ ដែលមានលក្ខណៈអាសអាភាស ប៉ះពាល់ដល់សីលធម៌សង្គម និងតម្លៃស្ត្រី។ ត្រូវចាត់វិធានការរដ្ឋបាលនានា ក្នុងគោលដៅអប់រំណែនាំដល់ក្រុមគោលដៅ ឬបុគ្គលដែលបង្កហេតុ។
ជាមួយគ្នានេះ លោកជំទាវ សង្កត់ធ្ងន់ថា ក្នុងករណីមិនរាងចាល អង្គភាពឬមន្ទីរ ត្រូវធ្វើរបាយការណ៍បញ្ជូនមកក្រសួង ដើម្បីក្រសួងស្នើសុំកិច្ចសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ចផ្សេងទៀតចាត់វិធានការបន្ត។

រដ្ឋមន្ត្រីក្រសួងវប្បធម៌រូបនេះ ក៏បានបន្ថែមដែរថា ផលិតករ អ្នកនិពន្ធ សិល្បករ សិល្បការិនី អ្នកផលិតមាតិកាកម្សាន្តលើបណ្ដាញសង្គម ត្រូវបញ្ជ្រាបខ្លឹមសារអប់រំក្នុងភាពយន្ត ឬវីដេអូ ដើម្បីចូលរួមទប់ស្កាត់ការប្រើប្រាស់អំពើហិង្សាលើស្ត្រីនិងកុមារ, ត្រូវប្រកាន់ភ្ជាប់នូវសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ក្នុងការផលិតស្នាដៃដើម្បីយកទៅផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម, ត្រូវបង្កប់ន័យអប់រំដល់ទស្សនិកជន អ្នកគាំទ្រ ជាពិសេសយុវជន និងកុមារ,ត្រូវបញ្ឈប់រាល់ខ្លឹមសារ ឬរូបភាព ដែលបង្កឱ្យមានការប៉ះពាល់ដល់ សីលធម៌សង្គម ប្រពៃណី ទំនៀមទម្លាប់ និងតម្លៃស្ត្រី និងត្រូវបង្កើតស្នាដៃដែលមានផលវិជ្ជមានដល់បុគ្គល ក្រុម សហគមន៍ និងសង្គមជាតិ។

គួរបញ្ជាក់ដែរថា បើតាមការវាយតម្លៃរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាពេលកន្លងមកនេះ ឃើញថា អ្នកផលិតវីដេអូកម្សាន្តនៅលើបណ្ដាញសង្គមនានាជាលក្ខណៈក្រុមឬបុគ្គល គឺពួកគេបានបញ្ចូលនូវសារអប់រំច្រើនដល់មនុស្សគ្រប់វ័យរួចមកហើយ តែក៏នៅមានភាពយន្តនិងវីដេអូមួយចំនួនបានបង្កើតឱ្យមានវប្បធម៌ហិង្សា ការសងសឹក ការ ប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងអំពើហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរ ដែលជាវប្បធម៌មួយមិនល្អ នាំឱ្យក្មេងៗជំនាន់ក្រោយបែរជាយកមកចម្លង និងអនុវត្តតាម។

ហេតុនេះ ក្រសួង នៅតែទទូចឲ្យត្រូវចៀសវាងឱ្យបានច្រើនបំផុតនូវវីដេអូអាសអាភាសនាំឱ្យប៉ះពាល់ដល់សិលធម៌សង្គម តម្លៃស្រ្តីខ្មែរ ពិសេសថែរក្សាវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ ប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ ព្រមទាំងរក្សាបាននូវតម្លៃនៃអក្សរសាស្រ្តជាតិ៕