របាយការណ៍មួយចេញដោយគេហទំព័របរទេស បានធ្វើការវាយតម្លៃពីបទចម្រៀង១០ដែលមានអ្នកចុចចូលមើល និងស្ដាប់ច្រើនជាងគេនៅកម្ពុជាគិតត្រឹមដើមឆ្នាំ២០២០ ដោយក្នុងនោះ គ្រាន់តែផលិតកម្ម Galaxy Navatra មួយវ៉ៃដាច់ ៤បទ ហើយបទចម្រៀង របស់តារាចម្រៀង តន់ ច័ន្ទសីម៉ា មានរហូតដល់ពី៣បទតែឯង។
របាយការណ៍ចេញដោយគេហទំព័រ kworb.net ដែលបង្កើតឡើងដោយជនជាតិហូឡង់ម្នាក់ គឺចាប់ផ្ដើមគិតត្រឹមថ្ងៃទី ២ ដល់ថ្ងៃទី ៩ មករា ២០២០ប៉ុណ្ណោះ។ ដូច្នេះមិនមែនជាតួលេខសរុបដែលប្រិយមិត្តបានមើលឃើញក្នុងបច្ចុប្បន្នភាពលើបទនីមួយក្នុងប្រព័ន្ធ Youtube ឡើយ។
តាមស្ថិតិនេះ បានបង្ហាញថា បទចម្រៀង១០នៅក្នុងចំណោម២០បទ ដែលមានក្នុងតារាងដើមរបស់គេហទំព័របរទេសខាងលើ ឃើញថា មានបទចម្រៀងខ្មែរចំនូន ៧ និងបទបរទេសចំនួន ៣បទ បានជាប់ក្នុងបញ្ជីបទចម្រៀងដែលមានអ្នកចុចចូលស្ដាប់ និងទស្សនាច្រើនជាងគេនៅកម្ពុជា គិតត្រឹមរយៈពេលដូចខាងលើ។
ចំណុចគួរចាប់អារម្មណ៍ ក្នុងចំណោមបទចម្រៀងខ្មែរទាំង ៧បទ ដែលមានអ្នកចូលមើលលើ Youtube នេះ គឺមាន ៤បទ ជាបទរបស់ផលិតកម្ម Galaxy Navatra របស់ឧកញ៉ា ឡេង ណាវ៉ាត្រា បាត់ទៅហើយ ហើយក្នុងចំណោម៤របស់ផលិតកម្ម Galaxy នេះ មាន៣បទជាបទរបស់តារាចម្រៀងស្រីវ័យក្មេង តន់ ច័ន្ទសីម៉ា និងមួយបទទៀតជាបទរបស់តារាចម្រៀងស្រីវ័យក្មេងដូចគ្នា គឺកញ្ញា អ៊ុក សុវណ្ណារី។
ទាំង៣បទរបស់ សីម៉ា នេះមាន បទ “ឡានស៊ីរ៉ែន” និពន្ធដោយឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់ស្ថិតនៅចំណាត់លេខ២មានអ្នកចូលមើល និងស្ដាប់ចំនួន ៨៩៣ ៧៥៤ ដង។ បន្តមកទៀតបទ “យល់ច្រឡំថាគេស្រឡាញ់យើង” ស្ថិតនៅចំណាត់ថ្នាក់លេខ៣ មានអ្នកចូលមើល និងស្ដាប់ចំនួន ៦៤០ ៧១៨ ដង។ បទចម្រៀងរបស់ តន់ ច័ន្ទសីម៉ា ដែរ ស្ថិតក្នុងចំណាត់លេខ៦ គឺបទ “គេនោះជាស្រីកាប់ដាវ” និពន្ធដោយឧកញ៉ា ឡេង ណាវ៉ាត្រា មានអ្នកចូលមើល និងស្ដាប់ចំនួន ៣៨៥ ៣៦២ ដង។
បទចម្រៀងទី៤របស់ផលិតកម្ម Galaxy Navatra ដែលជាប់ក្នុងបញ្ជីខាងលើ គឺបទ “ខ្ញុំក្លាយជាអ្នកជំងឺស្នេហា” របស់ អ៊ុក សុវណ្ណារី ស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ មានអ្នកចូលមើល និងស្ដាប់ចំនួន ៤១៩ ៤០៦ ដង។ លោក យឹម តាស្រង់ អ្នកចាត់ការទូទៅផលិតកម្ម Galaxy Navatra បានភ្ញាក់ផ្អើលនឹងរបាយការណ៍ចេញដោយគេហទំព័របរទេសខាងលើ។
តាស្រង់ បានលើកឡើងថា មិនដឹងច្បាស់ពីនិតិវិធីនៃការចាត់ចំណាក់ខាងលើឡើយ។ តែយ៉ាងណា លោកពិតជារីករាយ និងមោទកភាពណាស់ចំពោះលទ្ធផលនេះ វានឹងធ្វើឲ្យលោក និងតារាចម្រៀងផលិតកម្ម កាន់តែមានទឹកចិត្តក្នុងការបន្តពុះពារក្នុងសិល្បៈតន្ត្រីកំដរអារម្មណ៍របស់ពុកម៉ែបងប្អូនមួយនេះបន្តទៀត។
គេហទំព័រ kworbគឺជាគេហទំព័រ ប្រមូលតួលេខអ្នកស្ដាប់ចម្រៀងល្បីៗតាមប្រទេសនីមួយៗ របាយការណ៍របស់គេហទំព័រនេះ គឺស្រង់ចេញពីប្រភព៣គឺ ទី១ Youtube ទី២ iTunes របស់ Apple និងទី៣ គឺ Spotify។ តួលេខអ្នកចូលមើលវេបសាយនេះ គិតពីឆ្នាំ ២០១២ ដល់ដើមឆ្នាំ ២០២០ នេះ គឺមានអ្នកចូលមើលទំព័រព័ត៌មាន(page view) ដល់ទៅជាង ៤០០លាន page view ឯណោះ។
តាមលោកឧកញ៉ា ឡេង ណាវ៉ាត្រា ចាងហ្វាងផលិតកម្ម Galaxy Navatra បានឲ្យដឹងថា រាល់បទចម្រៀងរបស់ផលិតកម្មលោកឧកញ៉ា គឺមិនត្រឹមដាក់លើ Youtube ប៉ុណ្ណោះទេ គឺមានដាក់នៅលើ iTunes របស់ Apple ទៀត ដែលមាន license ត្រឹមត្រូវ។ ដូច្នេះតាមរយៈនេះ លោកឧកញ៉ា ជឿថា ប្រិយមិត្តទាំងក្នុងង និងក្រៅប្រទេស បានស្គាល់ពីបទចម្រៀងរបស់ Galaxy Navatra កាន់តែច្រើនថែមទៀត។
ឈ្មោះបទបទចម្រៀង១០ដែលមានអ្នកចុចចូលមើល និងស្ដាប់ច្រើនជាងគេនៅកម្ពុជាគិតត្រឹមដើមឆ្នាំ២០២០បទចម្រៀង១០ដែលមានអ្នកចុចចូលមើល និងស្ដាប់ច្រើនជាងគេនៅកម្ពុជាគិតត្រឹមដើមឆ្នាំ២០២០មានដូចខាងក្រោម៖
១. ព្រោះតែអូន – Jay Chan ៖ មានចំនួនទស្សនា ៩៤៧ ៦៣១ ដង
២. ឡានសារ៉ែន – តន់ ចន្ទសីម៉ា ៖ មានចំនួនទស្សនា ៨៩៣ ៧៥៤ ដង
៣. យល់ច្រឡំថាគេស្រឡាញ់យើង – តន់ ចន្ទសីម៉ា ៖ មានចំនួនទស្សនា ៦៤០ ៧១៨ ដង
៤. HOT BOY – VANNDA ៖ មានចំនួនទស្សនា ៤៧៦ ៥៧៩ ដង
៥. ខ្ញុំក្លាយជាអ្នកជំងឺស្នេហា – អ៊ុក សុវណ្ណារី ៖ មានចំនួនទស្សនា ៤១៩ ៤០៦ ដង
៦. គេនោះជាស្រីកាប់ដាវ – តន់ ចន្ទសីម៉ា ៖ មានចំនួនទស្សនា ៣៨៥ ៣៦២ ដង
៧. DANCE MONKEY – Tones and I ៖ មានចំនួនទស្សនា ៣៦០ ៨៦៤ ដង
៨. J+O (Lyrics Video) – VannDa ៖ មានចំនួនទស្សនា ២៧៦ ៣៤៧ ដង
៩. Yummy – Justin Bieber ៖ មានចំនួនទស្សនា ២៦២ ៣១៨ ដង
១០. Can We Kiss Forever? (ft. Adriana Proenza) – Kina ៖ មានចំនួនទស្សនា ២៤៧ ៤២១ ដង