ឱកាសចុងសប្តាហ៍ដូច្នេះ ប្រិយមិត្តប្រហែលជានឹកសញ្ជឹងគិតដល់គោលដៅទៅសម្រាកលម្ហែជួបជុំគ្រួសារ និងមនុស្សជាទីស្រលាញ់ហើយមែនទេ? ហត់នឿយពីការងារពេញមួយសប្តាហ៍ ចង់រកកន្លែងកម្សាន្តនៅជិតៗ ចំណាយថវិកាអស់តិចតួច និងមិនបាច់ត្រូវធ្វើដំណើរឆ្ងាយ?


ត្រូវម៉ាច់ហើយ! សូមណែនាំឱ្យស្គាល់រមនីយដ្ឋានបែបស្រុកស្រែ តែនៅរាជធានីភ្នំពេញ នោះគឺ “កាហ្វេជ្រុងស្រែ” ដែលកំពុងតែទទួលការចាប់អារម្មណ៍ខ្លាំង ជាពិសេសអ្នករស់នៅរាជធានីភ្នំពេញផ្ទាល់តែម្ដង។ ហាងកាហ្វេច្នៃប្រឌិតតាមបែបជនបទ នៅកណ្ដាលវាលស្រែនេះ ស្ថិតនៅភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កាហ្វេជ្រុងស្រែ ទើបបើកដំណើរការជាផ្លូវការកាលពីខែ មីនា ឆ្ន២០២២នេះ ប៉ុន្តែហាក់ផ្ទុះការគាំទ្រខ្លាំងមែនទែន។ ជារៀងរាល់ថ្ងៃ មិនថាថ្ងៃដើមសប្តាហ៍ ឬចុងសប្តាហ៍ទេ ហាងកាហ្វេបើកថ្មី ច្នៃចំកណ្ដាលទេសភាពវាលស្រែដ៏ខៀវស្រងាត់ និងហ៊ុំព័ទ្ធជុំវិញ នេះទទួលស្វាគមន៍ភ្ញៀវមិនដែលដាច់។



ភ្ញៀវដែលអញ្ជើញទៅលេង នៅកាហ្វេជ្រុងស្រែ ហូតលុយចាយអស់ត្រឹមតែ ១ម៉ឺនរៀល នឹងទទួលបានកាហ្វេកុម្ម៉ង់តាមចិត្តចំនួន ១កែវ ចូលទៅថតរូបស៊ែលហ្វី កាច់ស្ទាយ៍ cute cute ជាមួយទេសភាពសន្ទូងនៅជុំវិញម៉ាសប្បាយ។ ជាពិសេសជាងនេះទៀតនោះ លោកអ្នកក៏អាចបន្តជិះទូកកាយ៉ាកកម្សាន្តតាមគង្គាជាមួយពុំងា យ៉ាងរ៉ូមែនទិកក្រឡឹងជុំវិញ “កាហ្វេជ្រុងស្រែ” យ៉ាងរំភើយបានថែមទៀតផង។



អ្វីដែលប្លែកអារម្មណ៍ជាងនេះទៀតនោះ ក៏មាន Free Wifi ភ្ជាប់អិនធឺណេតលេង និងទស្សនាសម្រស់ថ្ងៃលិចនាពេលល្ងាចផងដែរ។ “កាហ្វេជ្រុងស្រែ” បើកដំណើរការស្វាគមន៍ភ្ញៀវ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ល្ងាច ជារៀងរាល់ថ្ងៃ ៧ថ្ងៃ ក្នុងមួយសប្តាហ៍តែម្ដង។


ហាងកាហ្វេបែបថ្មី ដែលមានបរិយាកាស ប្លែកពីហាងកាហ្វេផ្សេងៗ មួយនេះ សាងសង់ឡើងដោយ ស្ថាបនិកវ័យក្មេង គឺលោក ស្រេង ឈាងឡេង និងជាអគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ ឈាងឡេង អុិនវេសមុិន ឯ.ក។ ហាងកាហ្វេបែបជនបទ លេចរូបរាងក្នុងរាជធានីភ្នំពេញនេះ សាងសង់ឡើងនៅលើផ្ទៃវាលស្រែ មានប្រឡាយទឹករាងការ៉េព័ទ្ធជុំវិញ និងមានស្ពានឈើកាច់កោងនៅផ្នែកខាងក្នុង អាចឱ្យប្រិយមិត្ត ថតរូបលេងកម្សាន្ត អង្គុយអានសៀវភៅ ឬអង្គុយញ៉ាំកាហ្វេ មើលថ្ងៃលិច ស្រូបយកខ្យល់អាកាសធម្មជាតិដ៏ស្រស់ស្រាយនៅទីនោះបានយ៉ាងសប្បាយរីករាយ៕
