សួនរុក្ខជាតិអង្គរ បានក្លាយជាសមិទ្ធផលទេសចរថ្មីមួយទៀត នៅក្នុងក្រុងសៀមរាប ដែលត្រូវបង្កើតដោយអាជ្ញាធរជាតិអប្សរា ដែលមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើម នៃពូជជាង៥០០ប្រភេទ ដូចជាដើមផ្កា ស្មៅ ឈើហូបផ្លែ។
សួនរុក្ខជាតិអង្គរ អាជ្ញាធរជាតិអប្សរា ដាក់ឲ្យចូលទស្សនាឥតគិតថ្លៃក្នុងរយៈពេល ១ខែពេញតែម្តង ដោយគិតចាប់ពីថ្ងៃសម្ពោធកាលពីថ្ងៃតី១៩ ខែឧសភា ឆ្នាំ២០២២នេះ។

សួនរុក្ខជាតិនេះ អាចចាត់ទុកថា ជាសួនមានលក្ខណៈពិសេសលើសសួនកំសាន្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដោយសារតែសួននេះ ស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទ ដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយ និងសត្វស្លាបប្រវាំងជាដើម។


ក្រោយពេលដាក់ឱ្យដំណើរការជាផ្លូវការកាលពីពេលថ្មីៗនេះ សួនរុក្ខជាតិអង្គរ ត្រូវបានភ្ញៀវទេសចរយ៉ាងច្រើនកុះករទៅទស្សនា ដែលមានទីតាំងក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ ក្នុងនោះ សម្រាប់ថ្ងៃទី២២ ខែឧសភាម្សិលមិញ ភ្ញៀវទេសចប្រមាណ៧,៧១៥នាក់ ក្នុងនោះភ្ញៀវជាតិ៧,៦៦៤ និងភ្ញៀវបរទេសចំនួន៥១នាក់ បានចូលមកទស្សនាសួនរុក្ខជាតិអង្គរ និងកោតសសើរភាពអំពីភាពស្រស់ស្អាតនៅក្នុងសួននេះ។

សម្រាប់ថ្ងៃចន្ទដើមសប្តាហ៍នេះ ចំនួនភ្ញៀវហាក់ចូលទស្សនាប្រមាណជាង ៥០% បើប្រៀបធៀបជាមួយថ្ងៃអាទិត្យថ្ងៃឈប់សំរាក។ យ៉ាងណា អាជ្ញាធរជាតិអប្សរា បានសំណូមពរដល់ភ្ញៀវទេសចរ ដែលមកទស្សនាសួនរុក្ខជាតិអង្គរនេះឲ្យបានច្រើនកុះករនៅក្នុងទឹកដីខេត្តសៀមរាប៕






