ផលិតករ និងជាអ្នកនិពន្ធល្បីឈ្មោះលោក យឹម តាស្រង់ ដែលកំពុងរួមដំណើរជាមួយផលិតកម្ម Galaxy Navatra សម្រេចចិត្តចាកចេញពីផលិតកម្មជាផ្លូវការហើយ បន្ទាប់ពីរួមរស់ក្នុងមុខតំណែងជាអ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្មអស់រយៈពេលជាង ៣ឆ្នាំ។ នេះបើតាមទំព័រហ្វេសបុកផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ។

លោក យឹម តាស្រង់ ជាអ្នកនិពន្ធដ៏ឆ្នើមម្នាក់នៅប្រទេសកម្ពុជាដែលត្រូវបានចាត់ទុកថាជាធនធានដ៏មានសក្តានុពលពោរពេញសមត្ថភាព និងទេពកោសល្យ។ បើគិតមកដល់ពេលបច្ចុប្បន្ននេះ បទចម្រៀងដែលលោកនិពន្ធចេញជាផ្លូវការមិនក្រោម ២០០បទនោះទេ សុទ្ធសឹងតែទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីមហាជនគ្រប់ស្រទាប់។
ម្ចាស់ផលិតកម្ម Galaxy Navatra អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានគូសបញ្ជាក់ថា លោក យឹម តាស្រង់ គឺជាស្ថាបនិកមួយរូបរបស់ផលិតកម្ម Galaxy ផលិតកម្មមានថ្ងៃនេះ គឺលោក យឹម តាស្រង់ បានចូលរួមចំណែកយ៉ាងច្រើនរាប់មិនអស់។

អ្នកឧកញ៉ាថ្លែងក្នុងន័យដើមយ៉ាងដូច្នេះថា៖ «ពេលនេះបងរីកចម្រើននិងមានអាជីវកម្មផ្ទាល់ខ្លួន បងហាក់ដូចជាមិនដាច់ចិត្តពី galaxy សោះ ប្អូនក៏ដូចគ្នា ប៉ុន្តែទោះជាយ៉ាងណារាល់ការជួបណា ក៏ត្រូវតែមានការបែក ដើម្បីអនាគតមួយកាន់តែរីកចម្រើន។ ថ្ងៃនេះទោះបីជាបងទៅបើកក្រុមហ៊ុនផ្ទាល់ខ្លួន និងអាជីវកម្មផ្សេងក៏ដោយ ប៉ុន្តែបេះដូងយើងនៅជាមួយគ្នា នឹងអាចសហការគ្រប់កិច្ចការងារសិល្បៈបានគ្រប់ពេលវេលា»។

យ៉ាងណាក៏ដោយចុះ ការសម្រេចដើរចេញពីផលិតកម្មដែលជាទ្រនំដ៏កក់ក្តៅបំផុតនាពេលនេះរបស់លោក យឹម តាស្រង់ ក៏មិនទាន់ទទួលបានព័ត៌មានផ្លូវការថាលោកនឹងបើកជំនួញអ្វី ក្នុងវិស័យក្រៅពីសិល្បៈនោះទេ។
ទន្ទឹមនឹងការដើរចេញរបស់លោក តាស្រង់ នាឱកាសនេះ ឥឡូវនេះម្ចាស់ផលិតកម្ម Galaxy Navatra ជាមហាសេដ្ឋីប្រាក់លានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បង្ហើបឲ្យដឹងនូវអ្នកនិពន្ធឆ្នើម ព្រមទាំងមានភាពល្បីល្បាញក្នុងជំនាន់ស្រប៉ាលោកតាស្រង់ដែរនោះនឹងត្រូវមកជំនួសតំណែងលោក និងជាទីប្រឹក្សាផលិតកម្មចំនួន ៣រូប ជាអ្នកនិពន្ធជើងចាស់រាប់សិបឆ្នាំមកហើយ។
បើតាមអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អ្នកនិពន្ធឆ្នើមទាំង ៣រូបដែលជាអ្នកគ្រប់គ្រងស្ដីទី ទីប្រឹក្សា ជំនួសតំណែងលោក យឹម តាស្រង់ គឺលោក សុខ ជំនោរ លោក លោក ខាំ ភូរិ និងអ្នកស្រី យឹម សុជាតា។

ជាមួយគ្នានេះដែរ តាមរយៈទំព័រហ្វេសបុក លោក យឹម តាស្រង់ ក៏បានបង្ហាញពីអារម្មណ៍ និងទឹកចិត្តដ៏កក់ក្តៅដែលទទួលបានពីម្ចាស់ផលិតកម្មដែលលោកបានរួមរស់ជាង ៣ឆ្នាំមកនេះ។ លោក យឹម តាស្រង់ ថ្លែងថា៖ «សូមអរគុណនូវទឹកចិត្តដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិនត្រឹមតែជាមេដឹកនាំល្អគឺថែមទាំងជាបងប្អូនល្អនៅក្នុងការធ្វើការងារ។ រយៈពេលរួមរស់ជាមួយ Galaxy គឺខ្ញុំមានភាពកក់ក្តៅណាស់ ទាំងឱកាស ធនធាន កិត្តិយស និងបទពិសោធន៍ថ្មីៗយ៉ាងច្រើន»។

លោកបន្តថា៖«ខ្ញុំហាក់មិនដាច់អាល័យពី Galaxy ប៉ុន្តែប្អូនឃើញបងមានអាជីវកម្មផ្ទាល់ខ្លួន បើកក្រុមហ៊ុនផ្ទាល់ខ្លួនប្អូនមានតែជំរុញលើកទឹកចិត្ត លើកយោបល់ឱ្យដើរទៅមុខដោយស្នាមញញឹម និងអាចសហការគ្រប់ការងារសិល្បៈគ្រប់ពេលវេលាបងពិតជារំភើបនូវទឹកចិត្តដ៏ល្អនេះណាស់»។
ឆ្លៀតក្នុងឱកាសនេះដែរ លោក យឹម តាស្រង់ ក៏បានសម្តែងនូវការអបអរសាទរដល់អ្នកគ្រប់គ្រង និងទីប្រឹក្សាថ្មីគឺ លោក ខាំ ភូរិ លោក សុខ ជំនោរ អ្នកស្រី យឹម សុជាតា ដែលមកចូលជំនួសរួមដំណើរការងារGalaxy ឱ្យរឹតតែប្រសើរតទៅមុខទៀត៕


