នៅសល់តែត្រឹម២ខែទៀត តារាចម្រៀង នី រតនា នឹងបានឃើញមុខកូនដំបូងរបស់ខ្លួន បន្ទាប់ពីពួកគេទាំងពីរៀបការជាង១ឆ្នាំមកនេះ ទន្ទឹមគ្នានោះដែរការមានកូនមួយ នៅមិនទាន់គ្រប់គ្រាន់ សម្រាប់គូស្នេហ៍សិល្បៈវ័យក្មេងនោះឡើយ លោកបានបង្ហើបថា ចង់បានច្រើនជាងនេះថែមទៀត ប៉ុន្តែមិនដឹងថា ប្រពន្ធរបស់ខ្លួនអាចបំពេញបំណងលោកបានឡើយ។

កូនដែលជាចំណងដៃដំបូងរបស់ តារាចម្រៀង លោក នី រតនា នឹង អ្នកនាង ហេង សុវណ្ណភក្តិណា គឺជាកូនស្រី ដែលនឹងត្រូវសម្រាលក្នុងអំឡុងខែ មីនា ឆ្នាំ ២០២០ ខាងមុខនេះ។ លោកមិនទាន់សម្រេចចិត្តដាក់ឈ្មោះផ្លូវការណាមួយជូនកូនស្រីនោះឡើយ ដោយរង់ចាំសម្រាលឃើញពន្លឺថ្ងៃសិន។

ម្ចាស់បទ “កូនក្រមុំបង គ្រាន់ជាមនុស្សស្រីធម្មតា”ថ្លែងឲ្យដឹងថាសម្រាប់ផែនការគ្រួសារការកំណត់ចំនួនកូន លោកនឹងភរិយា បានសម្រេចជាមួយគ្នារួចហើយថា ចង់បានកូនត្រឹមតែ៣នាក់ប៉ុណ្ណោះ ប៉ុន្តែមិនដឹងថា សុខភាពភរិយា របស់ខ្លួនអាចរាប់រងបានឬអត់នោះឡើយ។ “បាទបងខ្ញុំចង់បានកូន៣នាក់ ប្រុស១ ស្រី២ យើងបានសន្យាជាមួយគ្នាហើយ តែចាំមើលសុខភាពប្រពន្ធសិន មិនអាចបង្ខំបានទេ ” នី រតនា បញ្ជាក់។

ជាមួយការផ្ដល់កាដូកូនដំបូងពីឧត្ដម ភរិយា តារាចម្រៀងលោក នី រតនា ថ្លែងឲ្យដឹងថា ខ្លួនមិនមានកាដូ ជាដុំកំភួន សម្រាប់ជូនភរិយាខ្លួនជាការតបស្នងឡើយ គ្រាន់តែបច្ចុប្បន្នលោកបានមើលថែ គិតគូរពីសុខភាពប្រពន្ធឲ្យបានល្អ ទៅពេទ្យតាមការណាត់ជាប្រចាំ ហើយនៅថ្ងៃសម្រាល អាចមានជាបាច់ផ្កាជាការលើកទឹកចិត្ត ដល់ភរិយាតែប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថា តារាចម្រៀង លោក នី រតនា នឹង អ្នកនាង ហេង សុវណ្ណភក្តិណា បានរៀបការ កាលពីថ្ងៃទី ១៨ មករា ឆ្នាំ ២០១៩ ។ អាពាហ៍ពិពាហ៍ របស់លោកត្រូវបានគេចាំបានថា អញ្ជើញភ្ញៀវជាង១០០តុ ក្នុងនៅ មានអ្នកសិល្បៈ ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនបានចូលរួម។ ក្រោយពីរៀបការរួចភ្លាមៗ ពួកគេបានទៅក្រេបទឹកឃ្មុំ នៅកោះម៉ាល់ឌីវ ដោយពួកគេបានLive វីដេអូ ព្រមទាំងបង្ហោះរូបភាពនៃការដើរលេងនោះ ធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង៕

អត្ថបទ៖ ស៊ុន ហួត
ប្រភព៖ សប្បាយ