ខ្សែភាពយន្ដរន្ធត់ដ៏ល្បីល្បាញដកស្រង់ចេញពីដំណាលរឿង នាងណាត ឬ ព្រាយក្រឡាភ្លើងនៅដែនដីប្រាក់ខាណង ដែលទស្សនិកជនក្មេងចាស់ប្រុសស្រីធ្លាប់តាមដានទស្សនាជាច្រើនលើកច្រើនសារមកហើយនោះគឺពិតជាមានសាច់រឿងគួរឲ្យជក់ជិតដិតអារម្មណ៍គ្រប់សម័យកាលផលិត។

ម្ដងនេះមិនមែនផលិតថ្មីសាច់រឿងដដែលដូចពីមុននោះឡើយ តែជាសាច់រឿងបន្តដែលនិយាយពីកូនប្រុសនាងណាតឈ្មោះដែង ដែលបានស្លាប់ក្នុងពោះជាមួយម្ដាយព្រោះសម្រាលមិនរួចដែលជាហេតុបណ្ដាលឲ្យនាងក្លាយជាព្រាយក្រឡាភ្លើងនោះឯង។
តួអង្គកូនប្រុសនាងណាតត្រូវបានបំភ្លេចចោលដោយមិនមានអ្នកណាលើកយកមកនិយាយឡើយ ហេតុនេះទើប M Pictures បានជីកគាស់កកាយសាច់រឿងអាដែងបំប្លែងដំណើររឿងដើម្បីផលិតជាភាពយន្តរឿង អាដែង កូនព្រាយក្រឡាភ្លើង នេះឡើងដែលរឿងនេះពោរពេញដោយឈុតឆាកដ៏ល្អអស្ចារ្យជាច្រើននៅក្នុងផ្ទៃរឿងតែមួយ។

ដំណើរសាច់រឿងបានបង្ហាញពីកាលដែលវិញ្ញាម្ដាយបានដើរតាមគន្លងព្រះពុទ្ធសាសនាដើម្បីជម្រះបាបដែលសាង ហើយបន្សល់ទុកខ្មោចអាដែងជាកូនឲ្យនៅកំព្រីកំព្រាតែឯងនៅក្នុងភូមិ។
យ៉ាងណាមិញអ្នកស្រុកភូមិបានដឹងច្បាស់ថាខ្មោចអាដែងនៅក្នុងភូមិដដែល តែមិនបានប្រាប់ក្មេងៗក្នុងភូមិថាអាដែងជាខ្មោចឡើយដើម្បីកុំឲ្យក្មេងក្មាងភ័យ។

អាដែងក៏រាប់អានក្មេងក្នុងភូមិជាមិត្តដូមនុស្សធ្មតា តែហេតុការណ៍មិនបានប្រណីនូវមិត្តភាពពួកគេឲ្យមានក្ដីសុខឡើយ ហើយក៏មានព្រឹត្តិការណ៍ដ៏ព្រឺព្រួចលាយឡំជាមួយឈុតឆាកផ្ទុះសំណើចក្អាកក្អាយនិងក្ដុកក្ដួលអារម្មណ៍ផងដែរ។
ធានាថាទស្សនិកជននឹងជក់ចិត្តម្ដងទៀតមិនចាញ់សាច់រឿងនាងណាតឡើយ ហើយបើចង់ដឹងរឹតតែច្បាស់ ប្រិយមិត្តអាចទស្សនាបាននៅគ្រប់រោងភាពយន្ដទំនើបចាប់ពីថ្ងៃ ៣ មិថុនា ២០២២នេះតទៅ៕ អត្ថបទពាណិជ្ជកម្ម



