Lexus LX600 គ្រាន់តែចេញភ្លាម អន្ទងចិត្តអភិជនលំដាប់ៗជាច្រើននាក់ ដោយសារតែរូបរាងដ៏កាច ជាមួយនឹងប្រព័ន្ធគ្រប់គ្រងដ៏ទំនើប ស័ក្ដិសមឥតខ្ចោះជាមួយនឹងកិត្តិយសរបស់អភិជនតែម្ដង។
កាន់តែអស្ចារ្យជាងនេះទៀត Lexus បានបញ្ចេញនូវម៉ូដែល VIP មួយទៀតគឺ Lexus LX600 VIP Kuro 2022 ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើប និងរូបរាងទាំងក្រៅក្នុងប្រកបដោយប្រណីតភាព និងភាពស៊ីវិល័យជាងម៉ូដែលមុនៗ។ លក្ខណៈពិសេសដ៏លេចធ្លោ លើជំនាន់កំពូលរថយន្ត SUV ចេញថ្មី Lexus LX600 Kuro កៅអី៤ បែប VIP នេះ មានច្រើនសឹងរាប់មិនអស់ តែចំណុចដ៏ទាក់ទាញប្លែក ដែលត្រកូល Lexus សិស្សច្បងមិនមានដូចនោះ រួមមាន៖ កៅអីជួរទី2 ប្រភេទ VIP ចុចបញ្ជានៅលើ Screen កណ្ដាល (ទម្រត ទម្រជើង និងមានមុខងារម៉ាស្សា)
ពូករចនាមកពីស្បែកប្រណិត និងជាប្រភេទខ្យល់ត្រជាក់ទាំង 4កៅអី ជាពិសេសមានបំពាក់នូវមុខងារស្កែនក្រយ៉ៅដៃបញ្ជាបញ្ឆេះពីចម្ងាយបានថែមទៀតផង។
ម៉ូដែល Kuro សារនេះ ផលិតឡើងតម្រូវគ្រួសារអភិជនគ្នាតិច ពោលគឺមានតែ ៤ កៅអីប៉ុណ្ណោះ ប៉ុន្តែគ្រប់កៅអីសុទ្ធតែរចនាដោយស្បែក VIP សុទ្ធសាធ ស្របពេលរថយន្តមួយនេះបំពាក់ដោយម៉ាស៊ីន 3,5L V6 Twin-Turbo អាចផលិតកម្លាំងបានដល់ 409Hp ដំណើរការដោយប្រព័ន្ធបញ្ជាប្រអប់លេខអូតូ ១០ វគ្គ រីឯធុងផ្ទុកសាំងវិញគឺមានចំណុះដល់ ១១០ លីត្រឯណោះ ហើយរយៈចំងាយ ១០០ គីឡូម៉ែត្រ ស៊ីសាំងត្រឹមតែ ១០,៥ លីត្រប៉ុណ្ណោះ។
មុខងារដ៏ពិសេសៗជាច្រើនទៀតដែលបំពាក់មកជាមួយរថយន្តម៉ូដែល VIP Kuro មួយនេះមានដូចជា ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពពេលបើកបរលើផ្លូវរអិល កាមេរ៉ា ៣៦០ ដឺក្រេ មានពោងសុវត្ថិភាពទាំងមុខ និងក្រោយ ហើយកៅអីដែលបំពាក់លើរថយន្តទាំងអស់សុទ្ធតែមានមុខងារម៉ាស្សា មានមុខងារប្រាប់ឧបសគ្គនៅខាងមុខ មានសេនស័រផ្ដល់ដំណឹង ៨ គ្រាប់ទាំងមុខក្រោយ។
តម្លៃរបស់រថយន្ត Lexus LX600 VIP Kuro 2022 នៅលើទីផ្សារប្រទេសកម្ពុជានាពេលបច្ចុប្បន្ន អាចមានចន្លោះពីជាង ៤១ម៉ឺនដុល្លារ ឡើងទៅ អាស្រ័យលើលើពណ៌ និងការតុបតែងលំអផ្សេងៗបន្ថែមទៀត៕
ប្រភពរូបភាព៖ គឹមស្រ៊ុន ព្រីមៀមអូតូ