កាលពីពេលថ្មីៗនេះ Lexus បានបញ្ចេញនូវរថយន្តថ្មីស្រឡាងមួយប្រភេទគឺ Lexus RX ជំនាន់ទី ៥ ដែលសារនេះវាបានផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុងទាំងផ្នែកខាងក្នុង និងខាងក្រៅ ខុសដាច់ពីជំនាន់មុនៗដែលធ្លាប់មានវត្តមានលើទីផ្សារអស់រយៈពេល ២៤ ឆ្នាំកន្លងមក។
All New 2023 Lexus RX បានបំបាត់ចោលម៉ាស៊ីនសាំង V6 និងជំនួសមកវិញនូវជម្រើសជាច្រើនរួមមានដូចជា៖
- ម៉ាស៊ីនសាំង ៤ ស៊ីឡាំងទំហំ ២,៤លីត្រ Turbo អាចផលិតកម្លាំងបានដល់ 275Hp និងមានកម្លាំងរមួល 317 ផោន-ហ្វីត ដំណើរការដោយប្រព័ន្ធបញ្ជាប្រអប់លេខ ៨ វគ្គអូតូ (សម្រាប់ម៉ូដែល RX350) និងមានជម្រើសនៃការបើកបរទាំង FWD និង AWD។ សន្ទុះល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៧,២ វិនាទី។
- ម៉ាស៊ីនសាំង ៤ ស៊ីឡាំងទំហំ ២,៥លីត្រ Turbo អាចផលិតកម្លាំងបានដល់ 246Hp និងមានកម្លាំងរមួល 233 ផោន-ហ្វីត ដំណើរការដោយប្រព័ន្ធបញ្ជាប្រអប់លេខ CVT (ម៉ូដែល RX 350h) និងមានការបើកបរជា AWD។ សន្ទុះល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៧,៤ វិនាទី។
- ម៉ាស៊ីនសាំង ៤ ស៊ីឡាំងទំហំ ២,៥លីត្រ Turbo អាចផលិតកម្លាំងបានដល់ 246Hp និងមានកម្លាំងរមួល 233 ផោន-ហ្វីត ដំណើរការដោយប្រព័ន្ធបញ្ជាប្រអប់លេខ CVT (ម៉ូដែល RX 450h + Plug-in Hybrid) និងមានការបើកបរជា AWD។ សន្ទុះល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៧,៤ វិនាទី។
- ម៉ាស៊ីនសាំង ៤ ស៊ីឡាំងទំហំ ២,៤លីត្រ Turbo អាចផលិតកម្លាំងបានដល់ 367Hp និងមានកម្លាំងរមួល 406 ផោន-ហ្វីត ដំណើរការដោយប្រព័ន្ធបញ្ជាប្រអប់លេខអូតូ ៦ វគ្គ (ម៉ូដែល RX 500h F-Sport Performance) និងមានការបើកបរជា AWD។ សន្ទុះល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៥,៩ វិនាទី។
ក្រៅពីមានជម្រើសម៉ាស៊ីនជាច្រើនសម្រាប់ជ្រើសរើសហើយនោះ RX ជំនាន់ចុងក្រោយលើកនេះ មានរូបរាងកាន់តែកាច តែក៏កាន់តែប្រណីតជាងមុន ស័ក្តិសមបើកបរទាំងនៅក្នុងទីប្រជុំជន និងនៅជនបទ ដោយសារតែរថយន្តប្រភេទ Mid Size SUV មួយនេះផលិតឡើងដើម្បីបំពេញតម្រូវការដ៏សំបូរបែប។
ផ្ទៃខាងក្នុងរបស់រថយន្តវិញ មានសភាពធំទូលាយជាងមុន ដោយសារ All new 2023 Lexus RX មានតួវែងជាងមុន ៦០ mm ទទឹងធំជាងមុន ១៥ mm សម្រាប់ផ្នែកខាងមុខ និង ៤៥ mm នៅផ្នែកខាងក្រោយ ហើយកៅអីរបស់រថយន្តទាំងមូលបានផលិតចេញពីស្បែកគុណភាពខ្ពស់ ស្របពេលគ្រឿងបរិក្ខារក្នុងរថយន្តសុទ្ធតែផ្ចិតផ្ចង់ដើម្បីប្រស៊ីគ្នា នឹងបច្ចេកវិទ្យាដ៏ទំនើបរបស់វា។
បន្ទាប់ពីបានដឹងពី Options និងរូបរាងដ៏កាន់តែកាច និងមានប្រណីតភាពរបស់ RX ជំនាន់ចុងក្រោយនេះហើយ ទោះជាប្រិយមិត្តចង់ទៅទិញរថយន្តនេះភ្លាមៗក៏វាមិនទាន់ដាក់លក់លើទីផ្សារផងដែរ ពោលវាអាចនឹងមានវត្តមានលើទីផ្សារនៅចុងឆ្នាំ ២០២២ ឬអាចដើមឆ្នាំ ២០២៣ ដូច្នេះប្រិយមិត្តអាចសន្សំថវិកាបណ្ដើរៗ ចាំថ្ងៃប្រកាសចេញនឹងអាលលៃលកវៃចេញមួយគ្រឿងតែម្ដង៕