លោកជំទាវ អ៊ូ ធីតាពៅ ភរិយាឯកឧត្តម គួច ចំរេីន អភិបាលខេត្ត ព្រះសីហនុ នឹងចូលរួមសម្ដែងល្ខោនព្រះរាជទ្រព្យ រឿង “ព្រះអនុរុទ្ធនាងឱស្សា” ជាសាធារណៈ នៅថ្ងៃទី២៧ ដល់ ២៩ ខែមីនា នៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ។លោកជំទាវបានបញ្ជាក់ថា បច្ចុប្បន្នលោកជំទាវកំពុងប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីសាងប្រវត្តិសាស្រ្ដថ្មីមួយ ក្រោយសម្តេចសម្តេចព្រះរាម នរោត្តមបុប្ផាទេវី យាងសោយទិវង្គត។
លោកជំទាវបានប្រាប់ Sabay ថា៖ “នេះជាស្នាដៃរៀបចំដំបូងបំផុតរបស់ខ្ញុំ ហើយខ្ញុំក៏រាំរបាំព្រះរាជទ្រព្យ លើកទី១ ដែរ។ តាមពិតទៅ ខ្ញុំបានផ្តួចផ្តើមគំនិតធ្វើរឿងនេះ តាំងពីមុនសម្តេចព្រះរាមយាងសោយទិវង្គត ប្រហែល ២ខែមកម្ល៉េះ តែអកុសល សម្តេចព្រះរាម បានយាងសោយទិវង្គតមុន”។

ភរិយាអភិបាលខេត្តព្រះសីហនុ បានបន្ថែមថា ទោះរវល់យ៉ាងណា លោកជំទាវបានហ្វឹកហាត់ចំនួន ៦ដងរួចមកហើយ និងបន្តហ្វឹកហាត់ រហូតចេះចាំស្ទាត់ នៅមុនការសម្ដែងមកដល់។

លោកជំទាវ បានបញ្ជាក់ថា កម្មវិធីនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងធំៗចំនួន ២ គឺទី១ ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ ផ្នែកសិល្បៈបូរាណ និងទី២ ដើម្បីរកថវិកា ជូនអ្នករបាំបុរាណក្រីក្រ ជូនសាលារបាំបុរាណ និងជួយដល់នាយកដ្ឋានសិល្បៈបុរាណ។









ប្រភព៖ Sabay