កាលពីថ្ងៃទី៨ មិថុនា ឆ្នាំ២០២២ កញ្ញា ចាន់ គង្គា ដែលបច្ចុប្បន្នត្រូវបានគេដឹងថា គឺជាពិធីការីដ៏ឆ្នើមមួយរូប ប្រចាំស្ថានីយទូរទស្សន៍ CTN នៃក្រុមហ៊ុន CBSផង បានបង្ហោះរូបថតចំនួន៤ សន្លឹក ដើម្បីបង្ហាញរឿងរ៉ាវលាក់ក្នុងចិត្តពាក់ព័ន្ធជាមួយក្រុមហ៊ុនCBS។
ស្រីស្រស់សម្បុរស្រអែម និងជាពិធីការិនី ដ៏ប៉ិនប្រសព្វ កញ្ញា ចាន់ គង្គា បានលើកឡើងថា «អ្នកមិនបានដឹងពីខ្ញុំក្នុងរយៈពេល 7 ឆ្នាំនេះ និងមានបញ្ជាក់តាមរយៈរូប ៤ សន្លឹកខាងក្រោមនេះជាមួយនិងរឿងរ៉ាវដែលខ្ញុំបានលាក់ទុកក្នុងចិត្តកន្លងមក»។
តាមរយៈរូបថតទាំង៤សន្លឹកនោះ រួមមានអត្ថន័យ ដូចខាងក្រោមនេះ៖
រូបថតទី១ នេះកញ្ញាបានរៀបថា៖«ថ្ងៃ 27 ខែ មីនា ឆ្នាំ 2015 គឺជាយប់ដែលមិនអាចបំភ្លេចបានក្នុងឆាកជីវិតរបស់ខ្ញុំ។ ខ្ញុំមានសេចក្ដីរីករាយបំផុត ហើយរំភើបដែលបានគ្រងមកុដកំពូលតារាម៉ូតរបស់កម្ពុជា Cambodia’s Next Top Model ។ ខ្ញុំបានទន្ទឹងរង់ចាំការងារដ៏គួរឱ្យរំភើបជាច្រើន បន្ទាប់ពីបានឈ្នះការប្រលងនេះ ហើយខ្ញុំក៏បានឃើញវីដេអូជាច្រើនរបស់តារាម៉ូដែល ដែលបានបន្តក្លាយជាតារាសម្តែង ពិធីការិនី និងទទួលបានជោគជ័យក្នុងអាជីពសិល្បៈ។ ព្រះអាទិត្យហាក់ដូចជាកំពុងញញឹមដាក់ខ្ញុំ ហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់»។
ចំពោះរូបថតទី២នេះដែរ កញ្ញា បានឱ្យដឹងដែរថា៖«គួរឱ្យសោកស្ដាយ ភាពរីករាយរបស់ខ្ញុំបានត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះ ដោយសារពេលវេលាបានកន្លងផុតទៅជាច្រើនខែ និងពីខែទៅជាឆ្នាំ ខ្ញុំនៅតែគ្មានការងារធ្វើ មិនដូចអ្វីដែលតំណែងដ៏មានកិត្យានុភាពរបស់ខ្ញុំគួរតែទទួលបាន។ ខ្ញុំបាត់បង់ទំនុកចិត្តបន្តិចម្តងៗ ដោយសារគ្មាននរណាម្នាក់ឱ្យតម្លៃខ្ញុំជាតារាបង្ហាញម៉ូត ឬយកចិត្តទុកដាក់គ្រប់គ្រាន់ចំពោះសុទិដ្ឋិនិយមនៃវិស័យបង្ហាញម៉ូត ហើយក្តីសង្ឃឹមរបស់ខ្ញុំបានបាត់បង់យ៉ាងឆាប់រហ័ស ដោយខ្ញុំចំណាយពេលភាគច្រើន អង្គុយនៅក្នុងបន្ទប់ដ៏តូចមួយដែលមានតែភាពងងឹត និងភាពស្ងៀមស្ងាត់ ដែលពួកវាប្រៀបដូចជាមិត្តរបស់ខ្ញុំអ៊ីចឹង»។
ចំពោះរូបថតទី៣នេះវិញ កញ្ញា បានលើកឡើងដូច្នេះដែរថា«ថ្ងៃមួយខ្ញុំកំពុងថតនៅ CBS ក្នុងនាមជាបេក្ខនារីសម្រាប់កម្មវិធីហ្គេមមួយ ហើយចៃដន្យក្នុងអំឡុងពេលថតនោះ នាយកប្រតិបត្តិ CBS លោក Rajveer បានចូលមកក្នុងស្ទូឌីយ៉ូ។ គាត់បានសួរខ្ញុំនូវសំណួរជាច្រើនអំពីជំនាញ និងអាជីពរបស់ខ្ញុំ។ បន្ទាប់ពីដឹងថាខ្ញុំជាប់ជាកំពូលតារាបង្ហាញម៉ូត Cambodia’s Next Top Model ហើយបានឃើញខ្ញុំដើរបង្ហាញម៉ូដនៅលើឆាក គាត់សួរខ្ញុំថាតើខ្ញុំចង់ដឹកនាំផ្នែកដើរម៉ូតនៅក្នុងកម្មវិធីដែលនឹងមកដល់នាពេលខាងមុខ ដែលមានឈ្មោះថា “Saturday Night Live – Let’s Party” ដែរឬទេ។ ខ្ញុំភ័យ និយាយមិនចេញ ព្រួយបារម្ភ និងសប្បាយចិត្តក្នុងពេលតែមួយ ហើយមិនដឹងថាត្រូវឆ្លើយតបយ៉ាងណាទេ ប៉ុន្តែបានប្រាប់គាត់ថា ខ្ញុំរីករាយនឹងទទួលយកអ្វីដែលថ្មីសម្រាប់ខ្លួនខ្ញុំ។ ចាប់តាំងពីថ្ងៃនោះមក ខ្ញុំបានប្តេជ្ញាចិត្តទាំងស្រុងចំពោះក្រុមការងារ CTN និងធ្វើការជាមួយផលិតករ អ្នករចនាម៉ូត តារាបង្ហាញម៉ូត និងបានចូលរួមគ្រប់ផ្នែកនៃ Fashion រួមទាំងការជ្រើសរើសតន្ត្រី និងការផ្តល់យោបល់លើស្ទាយល៍។ ខ្ញុំត្រូវធ្វើកិច្ចការផ្ទះច្រើនរាល់ថ្ងៃ ប៉ុន្តែអ្នកណាមិនធ្វើ ព្រោះវាជាឱកាសមួយក្នុងឆាកជីវិត»។
ដោយឡែករូបថតទី៤វិញ កញ្ញា ក៏បានរៀបរាប់ដូច្នេះថា៖«ខ្ញុំពិតជារីករាយក្នុងការធ្វើការជាមួយ CBS រួមទាំងផលិតករដែលមានបទពិសោធន៍ និងមានសមត្ថភាពខ្ពស់ ព្រមទាំងក្រុមដែលនៅពីក្រោយចាំគាំទ្រខ្ញុំទាំងអស់។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះCBS ដែលបានផ្តល់ឱកាសដ៏មានតម្លៃក្នុងឆាកជីវិតរបស់ខ្ញុំ និងគោលដៅមួយសម្រាប់អាជីពរបស់ខ្ញុំ។ ពី កំពូលតារាបង្ហាញម៉ូត គង្គា – ស្រលាញ់ CBS»។
គួរបញ្ជាក់ដែរថា កញ្ញា ចាន់ គង្គា គឺអតីតជាម្ចាស់ជយលាភីនៃការប្រកួតបង្ហាញម៉ូដឈ្មោះថា Cambodia’s Next Top Model នារដូវកាលទី ១ កាលពីឆ្នាំ ២០១៥ របស់ទូរទស្សន៍ MyTV ខណៈបច្ចុប្បន្ននេះនាងកំពុងតែមានឈ្មោះល្បីក្នុងពិភពដើរម៉ូដ ពិធីការី និងជាតារាសម្តែងផ្នែកថតស្ប៉តពាណិជ្ជកម្មនានា។
អតីតម្ចាស់នៃជយលាភីនៃការប្រកួតបង្ហាញម៉ូដ Cambodia’s Next Top Model នារដូវកាលទី ១ តារាបង្ហាញម៉ូដដ៏ល្បីថ្មីៗនេះដែរកញ្ញា ចាន់ គង្គា ក៏បានបង្កើតចំណាប់អារម្មណ៍ខ្លាំងពីមហាជនផងដែរក្នុងបណ្តាញសង្គមជាមួយនឹងការចេញវីដេអូផ្សព្វផ្សាយពីវិធីរក្សាសម្រស់របស់នារីៗបែបសាមញ្ញ ក៏អាចទទួលបាននូវសម្រស់ស្រស់ស្អាតមិនចាញ់តារាភាពយន្តនោះឡើយ។
សូមរម្លឹកដែរថា ការបង្ហោះរូបថតបង្ហាញរឿងរ៉ាវក្នុងចិត្តរបស់ពិធីការនីល្បី កញ្ញា ចាន់ គង្គា នាពេលនេះ គឺធ្វើឡើងក្រោយពេល មានសិល្បៈករមួយចំនួន ដូចជា នាយពាក់មី ជាដើម បានប្រកាសដំណឹងគ្រោងនឹងឈប់ពីស្ថានីយទូរទស្សន៍ CTN ក្រោយទទួលរងសម្ពាធពីអ្នកគ្រប់គ្រងថ្មីរបស់ស្ថានីយ៍ទូរទស្សន៍នេះផងដែរ៕អត្ថបទ៖រង្សី