អតីតភូមិវប្បធម៌ដ៏ល្បីល្បាញទាំងជាតិ និងអន្តរជាតិ គ្រោងបើកដំណើរការអាជីវកម្មឆាប់ៗខាងមុខនេះហើយ ក្រោមពាណិជ្ជនាមថ្មី គឺសួនបៃតងអង្គរ។ នេះបើតាមការឱ្យដឹងពីសណ្ឋាគារ តារា គ្រុប នៅថ្ងៃទី១៦ មិថុនា ឆ្នាំ២០២២។

អតីតទីតាំងភូមិវប្បធម៌ ប្រចាំខេត្តសៀមរាបនេះ គឺមាន សួនច្បារទំហំ ២១ហិចតា ដែលមានប្រវត្តិដ៏សម្បូរបែប សួនឧទ្យាន សិប្បកម្ម និង រូបចម្លាក់ដ៍ស្រស់ស្អាតជាច្រើនមួយនេះ នឹងបើកទទួលសាធារណជន ចាប់ពីថ្ងៃទី១៨ រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ដោយឥតគិតថ្លៃ។

សូមជម្រាបជូនថា សួនបៃតងអង្គរ គឺជាបុត្រសម្ព័ន្ធសណ្ឋាគារតារា គ្រុប ដែលវិនិយោគដោយកូនខ្មែរ។ ចក្ខុវិស័យរបស់ សណ្ឋាគារតារាគ្រុប គឺដើម្បីជំរុញការអភិវឌ្ឍវិស័យសណ្ឋាគារអោយមានគុណភាពស្តង់ដារនៅតាមទីតាំងសក្តានុពលនីមួយៗនៅទូទាំងប្រទេសកម្ពុជា។

បច្ចុប្បន្ន សណ្ឋាគារ តារាគ្រុប មានបុត្រសម្ពន្ធចំនួន ៨ដែលកំពុងបើកដំណើរការ រួមមានដូចជាសណ្ឋាគារ Independence Hotel by Dara, Dara Airport City Hotel & Spa, Olympia City Hotel By Dara, Toyoko-inn.com with Dara, The Sixties by Dara – Service Apartments, The Elysee Koh Pich និងក្លឹបហាត់ប្រាណ Jouvence Fitness by Dara។
គួររម្លឹកផងដែរថា ភូមិវប្បធម៌កម្ពុជា មានទីតាំងស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានគេចាត់ទុកជាកន្លែងទេសចរណ៍ដ៏ពេញនិយម និងជាភូមិគំរូមួយដែលមានសំណង់ ផ្ទះ អាគារប្រវត្តិសាស្រ្ត ប្រមូលផ្ដុំនូវទំនៀមទម្លាប់ ជីវភាព ការរស់នៅរបស់ប្រជាជនខ្មែរ ដោយកន្លែងនេះមានទំហំ ២១០,០០០ ម៉ែត្រការ៉េ មានភូមិតូចៗដែលតំណាងឲ្យវប្បធម៌ផ្សេងៗគ្នា រួមទាំងចរិតលក្ខណៈរបស់ជនជាតិភាគតិចទៀតផង។

ទោះបីជាទទួលបានប្រជាប្រិយភាពខ្លាំងពីភ្ញៀវទេសចរណ៍យ៉ាងណា ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា ដែលជាមជ្ឈមណ្ឌលសម្តែងពីសិល្បៈ បង្ហាញពីវប្បធម៌ប្រពៃណីខ្មែរ ជាផ្នែកមួយបម្រើវិស័យទេសចរណ៍នៅលើទឹកដីអង្គរបានប្រកាសបិទទ្វារជាផ្លូវការ ចាប់ពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅដោយសារមានបញ្ហាហិរញ្ញវត្ថុ ។
អតីតភូមិវប្បធម៌មានបុគ្គលិកគ្រប់ផ្នែករួមទំាងសិល្បករដែលត្រូវសម្តែងសិល្បៈផ្សេងៗផង ប្រមាណ៣០០នាក់។ ក្នុងមួយខែៗក្រុមហ៊ុនបានចំណាយថវិកាមិនតិចជាង៣ម៉ឺនដុល្លារឡើយនៅលើប្រាក់ខែបុគ្គលិក។
គួររំលឹកថា ភូមិវប្បធម៌បានបង្កើតឡើងនៅឆ្នាំ២០០៣ សាងសង់លើផ្ទៃដីយ៉ាងធំតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទីរួមខេត្តសៀមរាប។ សំណង់ផ្ទះបុរាណ សំណង់និមិត្តរូបនៃតំបន់ប្រវត្តិខ្មែរ ដូចជា ព្រះបរមរាជវំាង ភ្នំព្រះរាជទ្រព្យ បានសាង់សង់នៅទីនោះ។ រូបចម្លាក់ពីប្រមួន បានសូន្យឡើងជារូបអតីតព្រះមហាក្សត្រខ្មែរ រូបអតីតសិល្បករ កវីនិពន្ធ និងរូបផ្សេងៗទៀតបង្ហាញដល់អ្នកទេសចរ បានស្គាល់ផងដែរ។
ជាមួយគ្នានេះ ភូមិវប្បធម៌បានបង្កើតឲ្យមានការសម្តែងសិល្បបុរាណសម័យ បម្រើដល់អារម្មណ៍អ្នកចូលទស្សនា ទៀតផង៕