កម្ពុជា កំពុងស្វែងរកដំណោះស្រាយបញ្ហាស្វែងរកទ្រព្យបញ្ជាំធានាកម្ចី ដើម្បីជួយសម្រួលដល់អាជីវកម្មទេសចរណ៍ និងធានាកម្ចីក្នុងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរណ៍កម្ពុជា។ នេះបើតាមការឲ្យដឹងពី លោក សុង តុងហាប់ រដ្ឋលេខាធិការ និងជាប្រធាន អនុក្រុមការងារគាំពាសហគ្រាសនិងការងារក្នុងវិស័យទេសចរណ៍ នៅក្នុងកម្មវិធីផ្សព្វផ្សាយពី “នីតិវិធី និងលក្ខខណ្ឌដើម្បីទទួលបានលិខិតបញ្ជាក់ទ្រព្យ បញ្ចាំពីសាជីវកម្មធានាឥណទានកម្ពុជា”កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។
ឯកឧត្តម សុង តុងហាប់ បានឲ្យដឹងថា គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរណ៍ដែលត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងមក។ លោកបន្តថា កម្មវិធីធានាឥណទាន (Credit Guaranteed Scheme)បានដាក់ឱ្យ ដំណើរការចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា (Credit Guarantee Corporation of Cambodia-CGCC) ដើម្បីផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នកម្ចីនិងបង្កើនបរិយាបន្នហិរញ្ញវត្ថុ ដោយទទួលបានដើមទុនដំបូង សមមូលនឹងទឹកប្រាក់២០០លានដុល្លារអាមេរិកពីរាជរដ្ឋាភិបាល។
លោកបានបន្ថែមថា កម្មវិធីធានា ឥណទាននេះនឹងជួយសម្រួលដល់អាជីវកម្មទេសចរណ៍ដែលមានតម្រូវការឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូល រួមហើយមានកង្វះខាតទ្រព្យបញ្ជាំ ក្នុងនោះម្ចាស់អាជីវកម្មទេសចរណ៍អាចស្នើសុំកម្ចីឥណទានពីគ្រឹះស្ថាន ហិរញ្ញវត្ថុចូលរួម ក្នុងទំហំទឹកប្រាក់អតិបរមារហូតដល់៤០០,០០០ដុល្លារអាមេរិក ក្នុងអត្រាការប្រាក់សម្បទាន ប្រចាំឆ្នាំ ៦.៥% ដោយមានឬគ្មានទ្រព្យបញ្ជាំដើម្បីធានាកម្ចីបាន។
ជាមួយគ្នានេះ លោក ណូ លីដា អគ្គនាយករងនៃសាជីវកម្មធានាឥណទានកម្ពុជា បានលើកឡើងថា អាជីវកម្មទេសចរណ៍ ត្រូវបំពេញនូវគុណវុឌ្ឍិមួយចំនួន ដូចជា៖ ១).អាជីវកម្មដែលមានម្ចាស់ភាគហ៊ុនជាសញ្ជាតិខ្មែរ (កាន់កាប់ ភាគហ៊ុនលើសពី៥០%), ២).អាជីវកម្មដែលបានចុះបញ្ជីជាមួយអាជ្ញាធរព័ន្ធ ឬមិនបានចុះបញ្ជីត្រូវតែចុះបញ្ជី បន្ទាប់ពីទទយលបានការធានាឥណទាននិង ៣).អាជីវកម្មដែលមានលទ្ធភាពសងត្រលប់វិញ។ លោកបាន បញ្ជាក់បន្ថែមថា ដើម្បីទទួលបានលិខិតបញ្ជាក់ការធានាឥណទាន (Letter of Guarantee-LG) អាជីវកម្ម ទេសចរណ៍អាចធ្វើការទំនាក់ទំនងទៅគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីស្នើសុំកម្ចីក្នុងគម្រោងសហហិរញ្ញប្ប ទានស្តារនិងជំរុញកំណើនទេសចរណ៍។
សូមជម្រាប់ដែរថា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ មានមូលដ្ឋានអាជីវកម្មទេសចរណ៍ទូទាំងប្រទេសចំនួន ១,១៩៦ទីតាំង ដែលបានបិទ/ផ្អាកដំណើរ ក្នុងនោះមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន៤៩៨ទីតាំងបានបិទទ្វារ និង៦៩៨ទីតាំងបានផ្អាកដំណើរការបណ្តោះអាសន្ន ដែលធ្វើឱ្យបាត់បង់ការងារផ្ទាល់ក្នុងវិស័យទេសចរណ៍ សរុបចំនួន២១,៩៩៨នាក់។
យ៉ាងណា តាមរយៈគម្រោងសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល គួបផ្សំកម្មវិធី ធានាឥណទាននេះនឹងក្លាយជាឧបករណ៍ហិរញ្ញវត្ថុមួយយ៉ាងសំខាន់ក្នុងការជំរុញកតាលីករនៃវិស័យទេសចរណ៍ ឱ្យងើបទ្បើងវិញឆាប់រហ័សឱ្យស្របតាមការរំពឹងរបស់ក្រសួងទេសចរណ៍ថា កម្ពុជានឹងទទួលបានទេសចរ អន្តរជាតិ៧លាននាក់នៅឆ្នាំ២០២៥ និងទេសចរផ្ទៃក្នុង១១លាននាក់នៅឆ្នាំ២០២៣៕