តន់ ចន្ទសីម៉ា ជាតារាស្រីកម្ពុជាដំបូងគេ ហ៊ាន​​ចែក​​​ចំណូល​ពី​​សិល្បៈ​២០% ទៅ​ដល់​​អ្នក​និពន្ធ​យឹម តាស្រង់ ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើ​សាក្សី

កម្សាន្ត


តារា​ចម្រៀង តន់ ចន្ទសីម៉ា ទើប​តែ​បាន​ចុះ​កុងត្រា​ជា​មួយ និពន្ធ​យឹម តាស្រង់ កាល​ពី​ម្សិល​មិញ​នេះ ដោយ​ខ្លួន​ស្ម័គ្រចិត្ត​កាត់​ប្រាក់​២០%​រក​ចំណូល​បាន​ពី​ការងារ​សិល្បៈ ទៅ​ជូន​អ្នក​និពន្ធ​ដែល​ខិតខំ​ផលិត​បទ​ចម្រៀង​ឲ្យ​ខ្លួន​ច្រៀង ក្នុង​នោះ​ការ​ចុះ​កុងត្រា​នោះ មាន​ទាំង​មេធាវី នឹង ​លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ជា​​ចាងហ្វាង​ផលិតកម្ម Galaxy Navatra ធ្វើ​ជា​សាក្សី​នៃ​ការ​ចុះ​កុងត្រា​នេះ​​ថែម​ទៀត​ផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សកម្មភាព​ខាង​លើ​អាច​ចាត់​ទុក​ថា ជា​ប្រវត្តិសាស្ត្រ​លើ​ការ​តែង​និពន្ធ​របស់​អ្នក​និពន្ធ​​ខ្មែរ ដែល​តារា​ចម្រៀង​ហ៊ាន ចែក​ភាគ​រយ​ដែល​ខ្លួន​រក​បាន​ឲ្យ​អ្នក​និពន្ធ​វិញ​ពេល​ដែល​ខ្លួន​រក​ចំណូល​បាន​ពី​សិល្បៈ វា​គឺ​ជា​ការ​លើក​​ទឹក​ចិត្ត​​ខ្លាំង​បំផុត​ដល់​អ្នក​និពន្ធ។

លោក យឹម តាស្រង់ បាន​ឲ្យ​ដឹង​បន្ថែម​ថា ទង្វើ​របស់​តារា​ចម្រៀង​ខាង​លើ គឺ​ជា​ការ​តប​ស្មង​ដ៏​ធំ​មួយ​ដែល​លោក​ខំ​​លើក​ស្ទួយ​​​កន្លង​មក​នេះ ​ហើយ​ក៏​​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​និពន្ធ​​ទូទៅ​ផង​ដែរ។

លោក​បាន​បញ្ជាក់​ថា ការ​ចែក​ប្រាក់​២០%​​របស់ សីម៉ា នេះ មិន​មែន​សំដៅ​តែ​បាន​មក​ពី​ការ​ច្រៀង​​១​មុខ​ឡើយ គឺ​គ្រប់​រូប​ភាព​​ទាំង​អស់​ដែល​បាន​មក​ពី​សិល្បៈ ដូច​ជា ការ​ថត​ស្ប៉ត ឬ ភាពយន្ត​​ជា​ដើម។


កុងត្រា​នេះ​មិន​បាន​កំណត់​ឆ្នាំ​​ឡើយ ប៉ុន្តែ​លោក​ថា ​មាន​រយៈ​ពេល​វែង ហើយ​ការ​ធ្វើ​​​ឡើង​មិន​មែន​​ធ្វើ​តែ​មាត់​នោះ​ទេ គឺ​មាន​ទាំង​មេធាវី ​ព្រម​ទាំង សាក្សី ដោយ​លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ជា​​ចាងហ្វាង​ផលិតកម្ម Galaxy Navatra ធ្វើ​ជា​សាក្សី​នៃ​ការ​ចុះ​កុងត្រា​នេះ​​ថែម​ទៀត​ផង។

ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ឲ្យ​ដឹង​បន្ថែម​ថា ដោយ​លោក​មើល​ឃើញ អ្នក​និពន្ធ​គឺ​​ជា ចំណុច​ផ្ដើម​ធ្វើ​ឲ្យ​តារា​ចម្រៀង​ទទួល​បាន​ភាព​ជោគជ័យ ​ពេល​តារា​ចម្រៀង​ទទួល​បាន​ភាព​ជោគជ័យ តារា​ទាំង​អស់​នោះ​មាន​វីឡា មាន​រថយន្ត​ទំនើប មាន​ទ្រព្យសម្បត្តិ​ច្រើន​រស់​នៅ​យ៉ាង​ស្រួល ប៉ុន្តែ​បើ​សម្លឹង​មក​មើល​អ្នក​និពន្ធ​វិញ កម្រ​ឃើញ អ្នក​មាន​ជីវភាព​ធូរធារ ដូច​អ្នក​ចម្រៀង​ល្បី​ឡើយ ។ ពេល​អ្នក​និពន្ធ​​ឈឺ​ម្ដងៗ ឃើញ​ព័ត៌មាន​ចុះ​ផ្សាយ រក​តែ​ប្រាក់​ព្យាបាល​ជំងឺ​មិន​បាន​ផង អំពាវនាវ​សប្បុរសជន​ជួយ​ជា​បន្ត​បន្ទាប់ ​ចំណុច​នេះ​ហើយ​បាន​ជា​លោក​ឧកញ៉ា លើក​ទឹក​ចិត្ត​ឲ្យ តារា​ចម្រៀង ក្នុង​ផលិតកម្ម​​ត្រូវ​តែ​គិតគូរ​​ដល់​អ្នក​និពន្ធ។

តាម​ការ​បញ្ជាក់​ពី តារា​ចម្រៀង តន់ ចន្ទសីម៉ា កុងត្រា ខាង​លើ គឺ​កើត​ឡើង​ដោយ ការ​ស្ម័គ្រចិត្ត មិន​មាន​ការ​បង្ខិតបង្ខំ​ឡើយ ដោយ​នាង​ពេញ​ចិត្ត​ក្នុង​​ការ​ធ្វើ​វា​​ឡើង ដើម្បី​តប​ស្មង​នៅ អ្នក​និពន្ធ​ដែល​​ខំ​ផលិត​បទ​ចម្រៀង​ឲ្យ​ខ្លួន​ច្រៀង។

ទទឹម​គ្នា​នោះ​ដែរ លោក ឧកញ៉ា បាន​សំណូមពរ ដល់​អ្នក​ចម្រៀង​ផ្សេង​ទៀត គួរតែ​សម្លឹង​មើល​អ្នក​និពន្ធ​​​ដែល​មាន​ស្នាដៃ​​មាន​សមត្ថភាព​ គួរតែ​ផ្ដល់​អ្វី​ដែល​សាកសម​ទៅ​នឹង​​អ្វី​ដែល​​គាត់​ខំ​ប្រឹងប្រែង ដើម្បី​ឲ្យ​ពួក​គាត់ មាន​លទ្ធភាព​ក៏​ដូច​​មាន​កម្លាំង​ចិត្ត ក្នុង​​ការ​តែង​និពន្ធ​ឡើង បទ​ចម្រៀង​ដែល​​មាន​គុណភាព ដើម្បី​ប្រកួតប្រជែង ទាំង​ទីផ្សារ​ក្នុង​ស្រុក នឹង​អន្តរជាតិ។

លោក យឹម តាស្រង់ និយាយ​ថា លោក​នឹង​ព្យាយាម​ផលិត​បទ​ចម្រៀង​ជា​ច្រៀង​បន្ថែម​ទៀត ឲ្យ​សីម៉ា​ច្រើន ដោយ​ក្នុង​១ខែ មិន​ក្រោម​១០​បទ​ឡើយ ហើយ​បទ​ចម្រៀង​ទាំង​នោះ នឹង​ចេញ​ជា​បន្តបន្ទាប់​ឆាប់ៗ​នេះ៕

ប្រភព៖ សប្បាយ