កាលពីប៉ុន្មានថ្ងៃមុន មានការផ្ទុះវីដេអូអំពីការដឹករថយន្ត Ford Ranger ជាច្រើនគ្រឿងតាមរយៈរថភ្លើង ដែលធ្វើឲ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់ជាខ្លាំង តើរថយន្តទាំងនោះនាំចូលពីណា?

ជាការឆ្លើយតបនឹងចម្ងល់ខាងលើ ហ្វេសប៊ុកផេកផ្លូវការរបស់ Royal Railway Cambodia បានបង្ហោះវីដេអូនៃការដឹករថយន្តតាមរយៈរថភ្លើង ដោយភ្ជាប់ជាមួយសារដែលមានអត្ថន័យថា បើកទំព័រខែកក្កដា ក្រុមហ៊ុន Royal Railway បានសហការជាមួយនឹងក្រុមហ៊ុន Ford Cambodia ក្នុងការដឹកជញ្ជូនរថយន្ត Ford Pickup Truck ចំនួន 75 គ្រឿងពីក្រុងប៉ោយប៉ែត មកកាន់រាជធានីភ្នំពេញ។

ទន្ទឹមនឹងនោះ ប្រភពពីខាង Ford ក៏បានទម្លាយដែរថា នៅពេលរោងចក្រតំឡើងរថយន្តនៅពោធិ៍សាត់តំឡើងពេញសមត្ថភាព នឹងអាចផ្ដល់ជូនឱកាសការងារដល់បុគ្គលិកប្រមាណ ៥០០ កន្លែង ខណៈការផលិតអាចហក់ដល់ ៩ ០០០ គ្រឿងបើសិនជាផលិតពេញសមត្ថភាព។
គួសរំលឹកដែរថា រោងចក្រតំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ អាចតំឡើងរថយន្តបានតែប្រភេទ XLT, Wildtrak និង Ford Everest ប៉ុណ្ណោះ សម្រាប់ដំណាក់កាលដំបូង ហើយនៅក្នុងឆ្នាំតំបូងនោះទៀតសោត អគ្គនាយកនៃក្រុមហ៊ុន RMA Group Cambodia ធ្លាប់បានទម្លាយថា ចង់តំឡើងរថយន្តសរុប ៤ ៥០០ គ្រឿង ស្មើនឹងការនាំចូលពាក់កណ្ដាលពីបរទេស៕