ថ្លែងក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំសិល្បៈ សិល្បករ សិល្បការិនី នៃសិល្បៈទាំង ៧ទម្រង់ នាថ្ងៃទី៦ ខែសីហានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានគូសបញ្ជាក់ថា តម្លៃរបស់សិល្បៈវប្បធម៌មានទិដ្ឋភាព ០៤ សំខាន់ៗដែលបំពេញឱ្យគ្នាទៅវិញទៅមក រួមមាន៖ សោភ័ណភាព ខ្លឹមសារ ការបង្ហាញ និងចំណងចំណូលចិត្ត។

លោកថា សោភ័ណភាព សំដៅលើទឹកដៃគំនិតច្នៃប្រឌិត និងទេពកោសល្យរបស់សិល្បករ កវីនិពន្ធ ហើយខ្លឹមសារ សំដៅលើអត្ថន័យគុណធម៌ សីលធម៌ គតិធម៌ និងឧត្តមគតិដែលមានមូលដ្ឋានក្នុងព្រលឹង និងអត្តសញ្ញាណជាតិ ចំណែកឯការបង្ហាញ សំដៅលើការបង្ហាញអត្តសញ្ញាណមួយដែលពិតប្រាកដ និងមានប្រវត្តិសាវតារត្រឹមត្រូវ ខណៈដែលចំណង់ចំណូលចិត្ត សំដៅទៅដល់ការទាក់ទាញប្រជាប្រិយភាព និងការគាំទ្រពីមហាជន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងបន្តថា នៅក្នុងរបត់សាកលភាវូបនីយកម្ម តែងមានការផ្សារភ្ជាប់គ្នា និងការចែករំលែកគ្នាទៅវិញទៅមក ដែលធ្វើឱ្យមានទាំងការអភិរក្សវប្បធម៌ និងការអភិវឌ្ឍវប្បធម៌។ ក្នុងន័យនេះ លោក ហ៊ុនម៉ាណែត បានសង្កត់ធ្ងន់ថា យើងមិនអាចនៅស្ងៀមនឹងថ្កល់នោះទេ គឺត្រូវតែធ្វើដំណើរទៅមុខស្របជាមួយនឹងការវិវឌ្ឍនៃសង្គមជាតិ និងដោយចាំបាច់ត្រូវថែរក្សាជានិច្ចនូវអត្តសញ្ញាណវប្បធម៌របស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនផងដែរ ជាអាទិ៍ សាសនា ភាសា តួអក្សរខ្មែរ អក្សរសិល្ប៍ និងទំនៀមទម្លាប់ ដែលយើងត្រូវបន្តថែរក្សាកុំឱ្យមានការបាត់បង់ ទោះបីស្ថិតនៅក្នុងការអភិវឌ្ឍយ៉ាងណាក៏ដោយ។

លោកបញ្ជាក់បន្ថែមទៀតថា កូនខ្មែរគ្រប់ជំនាន់តទៅមុខ មានតួនាទី និងភារកិច្ចសំខាន់ដើម្បីបន្តថែរក្សា និងអភិរក្សកេរដំណែលសិល្បៈវប្បធម៌ពីដូនតាយើង ហើយក៏ត្រូវខិតខំរិះរកច្នៃប្រឌិតអភិវឌ្ឍស្នាដៃបន្ថែមទៀតឱ្យកានតែរីកចម្រើនលូតលាស់ឥតឈប់ឈរ៕


