កម្ពុជា លើកយក៤ចំនុចធំៗ ដើម្បីបង្កើតកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសៗសម្រាប់ខេត្តសៀមរាប

កម្សាន្ត

ក្រសួងទេសចរណ៍ កំពុងសិក្សាពីការរៀបចំដាក់ចេញកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសៗបន្ថែមទៀត ដើម្បីជំរុញចលនាទេសចរទៅទស្សនានៅខេត្តសៀមរាប ពិសេសគឺដើម្បីត្រៀមចាប់ផ្តើមបើកឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) និងត្រៀមការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងកិច្ចប្រជុំអនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍លើកទី១នៃគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រសួងទេសចរណ៍កំពុងសិក្សាជាមួយស្ថានប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដាក់ចេញនូវកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសសម្រាប់ខេត្តសៀមរាប ដោយក្នុងនោះនឹងសិក្សាស្នើសុំការពិនិត្យ និងសំរេចពីរាជរដ្ឋាភិបាលលើសំណើមួយចំនួន។

សំណើបង្កើតកញ្ចប់ទស្សនកិច្ចពិសេសសម្រាប់ខេត្តសៀមរាប ដែលគ្រោងស្នើទៅកាន់រាជរដ្ឋាភិបាលនោះ រួមមាន៖
១. បណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញមួយជីវិត (Angkor Life time Pass) ដោយអាចមានជាជម្រើសក្នុងការគិតគូរលក់ជាកញ្ចប់បណ្ណទស្សនា (Angkor Pass Package) ដែលអាចឱ្យទេសចរអន្តរជាតិទស្សនាតំបន់ប្រាសាទ ឬតំបន់ផ្សេងៗទៀតពេញមួយជីវិត ឬការលក់បណ្ណជាទម្រង់កញ្ចប់ទស្សនកិច្ចអាទិភាព ( Privileged Pass Package) ដែលអនុញ្ញាតឱ្យទេសចរអន្តរជាតិអាចមានសិទ្ធិអាទិភាពក្នុងការប្រើប្រាស់សេវាកម្មទេសចរណ៍និងចូលទស្សនារមណីដ្ឋានអង្គរពេញមួយជីវិត ដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាច្រើនដង។
២ . ការដោះស្រាយថ្លៃសំបុត្រទូកទេសចរណ៍តំបន់ចុងឃ្នៀសសម្រាប់ទេសចរជាតិ។
៣. ការជំរុញការតភ្ជាប់ជើងហោះត្រង់ពីកោះត្រល់ (Phu Quoc) មកកាន់ខេត្តសៀមរាប។
៤. ការជំរុញប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលលក់សំបុត្រ តម្លៃ ទាប នៅកម្ពុជា។

គួរជម្រាប់ដែរថា សម្រាប់ឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង៥០ម៉ឺននាក់ កើនទ្បើង ៣៩៤.១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះខេត្តសៀមរាបទទួលបានទេសចរអន្តរជាតិចំនួន៦០,៤៣៥នាក់។ គម្រោងសិក្សាពីការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសនៅខេត្តសៀមរាបនេះ គឺដើម្បីជំរុញចលនាទេសចរទៅកាន់គោលដៅទេសចរណ៍នេះបន្ថែម សំដៅឱ្យបានប្រមាណ៥០ម៉ឺននាក់ ឬច្រើនលើសពីនេះនៅឆ្នាំ២០២៣ខាងមុខ។

ដើម្បីគាំទ្រដល់យុទ្ធនាការជាតិមួយនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ និងក្រសួង/ស្ថាប័នពាក់ព័ន្ធបានសហការរៀបចំគោលនយោបាយ ផែនការសកម្មភាព ព្រឹត្តិការណ៍នានាទាំងថ្នាក់ជាតិ និងជាមួយដៃគូអន្តរជាតិ បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បីរួមចំណែកទាក់ទាញចលនាទេសចរពីក្រៅប្រទេស។ ក្រៅពីការសិក្សាពីការរៀបចំកញ្ចប់ទស្សនកិច្ចពិសេសនៅខេត្តសៀមរាបនេះ ក្រសួងទេសចរណ៍ក៏ត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ផ្សេងទៀតផងដែរ៕ អត្ថបត៖ រង្សី