មួយរយៈពេលចុងក្រោយនេះ មានផ្ទុះចចាមអារ៉ាមថា Honda Dream ឆ្នាំ ២០២៣ នឹងមានការអាប់ដែតថ្មី គឺតំឡើងកម្លាំងម៉ាស៊ីនរហូតដល់ 150cc ខណៈកន្លងមកត្រកូល Dream របស់ក្រុមហ៊ុន Honda ធ្លាប់តែបំពាក់នូវម៉ាស៊ីន 125cc ប៉ុណ្ណោះ។

យ៉ាងណា ពាក់ព័ន្ធនឹងចចាមអារ៉ាមខាងលើ ភ្នាក់ងារលក់ម៉ូតូ Honda នៅរាជធានីភ្នំពេញមួយកន្លែងបានទម្លាយប្រាប់ឧកញ៉ាញ៉ូវស៍ថា ព័ត៌មានផ្លូវការចេញពីក្រុមហ៊ុនគឺមិនទាន់មាននៅឡើយ ខណៈបើតាមគំនិតរបស់លោកផ្ទាល់ ការបំពាក់នូវម៉ាស៊ីនកម្លាំង 150cc នេះ គឺមានភាគរយតិចណាស់ដែលអាចកើតឡើង។

មូលហេតុដែលលោកអះអាងបែបនេះ គឺដោយសារ Honda Dream ផលិតឡើងដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋនៅកម្ពុជាជាពិសេស ជាមួយរូបរាងសាមញ្ញ កម្លាំងម៉ាស៊ីនល្មម ងាយស្រួលដល់ការបើកបរគ្រប់កាលៈទេសៈ ដូច្នេះបើសិនជាមានការផ្លាស់ប្ដូរអត្តសញ្ញាណ នោះក្រុមហ៊ុនអាចនឹងបាត់បង់អតិថិជនមួយចំនួន ដ្បិតកម្លាំងម៉ាស៊ីនខ្លាំង តម្លៃក៏រឹតតែថ្លៃដូចគ្នា។

ដោយឡែក បើយោងតាមមតិរបស់ប្រិយមិត្តនៅលើបណ្ដាញសង្គម Facebook វិញ ក៏បានបង្ហើបដែរថា បើសិនជា Honda Dream សេរីថ្មីបំពាក់ម៉ាស៊ីន 150cc មែន វាហាក់មិនស៊ីជាមួយរូបរាងរបស់ម៉ូតូ ស្របពេលអ្នកបើកបរចាំបាច់ធ្វើប័ណ្ណបើកបរថ្មីសម្រាប់ទោចក្រយានយន្តដែលមានម៉ាស៊ីនកម្លាំងធំជាង 125cc។

បន្ថែមពីនោះភ្នាក់ងារលក់ម៉ូតូ Honda Dream នៅរាជធានីភ្នំពេញមួយកន្លែងទៀតក៏បានបង្ហើបដែរថា ជាមតិផ្ទាល់ខ្លួន លោកយល់ថា បើសិន Honda Dream ២០២៣ បំពាក់មកជាមួយម៉ាស៊ីនកម្លាំង 150cc មែន នោះជម្រើស 125cc គឺនឹងមិនអាចលុបចោលឡើយ ពោលអតិថិជននឹងមានជម្រើសរវាង Honda Dream 125cc និង Honda Dream 150cc។


យ៉ាងណា វាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ដ្បិតព័ត៌មានជាក់លាក់ពីក្រុមហ៊ុនគឺមិនទាន់បញ្ចេញនៅឡើយ ដូច្នេះមានតែរង់ចាំមើលទាំងអស់គ្នាថា តើ Honda Dream អាចធ្វើឲ្យអតិថិជនមានការភ្ញាក់ផ្អើលកម្រិតណាសម្រាប់ម៉ូដែលចុងក្រោយបំផុតសារនេះ?