តារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានគេកត់សម្គាល់ឃើញថា ប្រែប្រួលរូបរាងប្លែកគួរឲ្យចាប់អារម្មណ៍ ពោលគឺមានសាច់ដុំហាប់ណែន ខុសពីពេលមុន រាល់ពេលដែលលោកបានដោះអាវពេលឡើងច្រៀងម្ដងៗ។ ជុំវិញការកើនឡើងនូវសាច់ដុំកង់ៗនេះ លោក អ៊ិត សុធា ដែលជាគ្រូបង្ហាត់ ខេមរៈ សិរីមន្តផ្ទាល់ សូមពន្យល់ពីអាថ៌កំបាំងទាំងនោះ។
លោក អ៊ិត សុធា ដែលត្រូវបានគេស្គាល់ថា គឺជា ម្ចាស់ជយលាភីលេខ៤ កម្មវិធី MisterUnitedWorldឆ្នាំ ២០១៩ និង ជាគ្រូបង្ហាត់កីឡាល្បីឈ្មោះមួយរូបផងនោះ ត្រូវបានលោក ខេមរៈ សិរីមន្ត ចូលខ្លួនមកសុំលោកធ្វើជាគ្រូ និងបានជួយឲ្យតារាចម្រៀងហង្សមាស ប្រែប្រួលរូបរាងកាយយ៉ាងខ្លាំង។ គ្រូរូបនេះ បញ្ជាក់ថា សិរីមន្ត បានប្រើពេលហាត់ជាមួយលោក ត្រឹមតែ១ខែ ប៉ុណ្ណោះ ធ្វើឲ្យសាច់ដុំមានការកែប្រែខ្លាំងស្អាតជាទីពេញចិត្តតែម្ដង។
គ្រូបង្ហាត់កីឡាដដែលរៀបរាប់ឲ្យដឹងថា ដំបូងឡើយ សិរីមន្តមិនទាន់មានសាច់ដុំស្អាតដូចបច្ចុប្បន្ននោះទេ ប៉ុន្តែក្រោយពេលបានចូលមកហាត់នៅក្លឹបហាត់ប្រាណជាមួយលោក ត្រឹម១៥ថ្ងៃចាប់ផ្ដើមមានការកែប្រែយ៉ាងលឿនតែម្ដង។ លោកថា ក្នុងមួយសប្ដាហ៍ សិរីមន្ត បានចំណាយពេលហាត់យ៉ាងតិច៥ទៅ៦ ថ្ងៃ ហើយក្នុង១ថ្ងៃ បានប្រើពេល ២ម៉ោង និងមានថ្ងៃខ្លះ អាចឈានដល់៣ម៉ោង ប្រសិនបើតារាចម្រៀងរូបនេះមានពេលទំនេរពីការងារសិល្បៈច្រើន។
លោក អ៊ិត សុធា បានថ្លែងឲ្យដឹងបន្ថែមថា កន្លងមកលោក ខេមរៈ សិរីមន្ត ចូលហាត់ជាមួយលោកបាន១ខែមានសាច់ដុំកំពុងពេញស្អាត លោកក៏ផ្អាកហាត់ទៅវិញ ដោយសារតែជាប់រវល់កាន់ទុក្ខប្អូនស្រីស្លាប់ ខេមរៈ ស្រីពៅ។ លោកថា កាលណោះ សិរីមន្ត អាក់ខានមកហាត់មិនក្រោម៣ខែឡើយ ធ្វើឲ្យសាច់ស្រកជាខ្លាំង ប៉ុន្តែ១ខែចុងក្រោយនេះ លោកបានមកហាត់ជាប់ គួបផ្សំមានសាច់ដុំពីមុនផង បច្ចុប្បន្នសាច់ដុំ សិរីមន្ត ស្អាតខ្លាំងជាងមុនទៅទៀត។ ចំពោះគីឡូវិញ លោក អ៊ិត សុធា ទម្លាយឲ្យដឹងថា សិរីមន្ត មានគីឡូចន្លោះ៧២ ទៅ៧៣ គីឡូ ប៉ុណ្ណោះ។
ទទឹមនិងការហាត់ប្រាណយ៉ាងទៀតទាក់ គ្រូបង្ហាត់រូបនេះបានលើកឡើងថា ការញ៉ាំក៏ត្រូវញ៉ាំអាហារ តាមក្បួនខ្នាតឲ្យទៀងទាត់ផងដែរ។ ចំពោះតិចនិកនោះ គឺថាបើហាត់ចង់បានសាច់ដុំ មុនហាត់ត្រូវញ៉ាំពង៧គ្រាប់ ឬសាច់គោ ហើយក្រោយហាត់ ត្រូវញ៉ាំអាហារមានជាតិខាប់ច្រើន និង អាហារជាច្រើនប្រភេទទៀត។ ជាមួយគ្នានោះ គ្រួបង្ហាត់ផ្ទាល់ក៏ត្រូវចេះមើលរាងកាយកូនសិស្សថា ត្រូវកែប្រែសាច់ដុះកន្លែងណាខ្លះ ដើម្បីឲ្យសាច់ដុំស្អាត។
ឆ្លងកាត់ការធ្វើជាគ្រូបង្ហាត់កីឡាច្រើនឆ្នាំ និង ធ្លាប់បង្ហាត់សិស្សជាច្រើនអ្នក លោក អ៊ិត សុធា វាយតម្លៃបានថា តារាចម្រៀង ខេមរៈ សិរីមន្ត ជាសិស្សម្នាក់ឧស្សាហ៍ និងមានភាពអំណត់ខ្លាំង ដែលធ្វើឲ្យការហាត់របស់លោកទទួលបានសាច់ដុំដូចបំណងដោយប្រើពេលខ្លីប៉ុណ្ណោះ៕
ប្រភព៖
Sabay