ទីបំផុតក្មេងប្រុសម្នាក់ដែលស្ពាយហ្គីតាមកប្រឡងមានតែខ្លួនមួយ មកពីឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម បេក្ខជន លីម តិចម៉េង ក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ក្រោយទទួលសំឡេងគាំទ្រច្រើនជាង បេក្ខជន ថុល សុភិទិ, នាង ដាវីន និង ស៊ឹម ច័ន្ទពន្លឺ នៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។

ក្នុងការប្រកួតនេះ បេក្ខជន លីម តិចម៉េង បានទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ នៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ដោយទទួលបានពានមួយ ប្រាក់រង្វាន់ចំនួន១០០លានរៀល។ ចំណែកឯបេក្ខជន ដែលមិនបានលើកពានបានទទួលថវិកាឧបត្ថម្ភចំនួន ៤លានរៀល។
យ៉ាងណា នៅក្នុងកម្មវិធីវគ្គផ្តាច់ព្រ័ត្រនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភថវិកាដល់ TOP 4 ម្នាក់ៗចំនួន៦លានរៀលផងដែរ។


បេក្ខជនដែលប្រឡងជាប់វគ្គផ្តាច់ព្រ័ត្រនៅយប់ថ្ងៃទី២៨សីហានេះ ក្រោយប្រជែង និងវាយតម្លៃពីគណៈកម្មការទាំង៤រូបមាន លោក ឆន សុវណ្ណរាជ, លោក ណុប បាយ៉ារិទ្ធ, អ្នកនាង ឱក សុគន្ធកញ្ញា និងកញ្ញា សុខ សីឡាលីន ព្រមទាំងការបោះឆ្នោតពីមហាជន នៅទីបញ្ចប់ បេក្ខជនដែលទទួលបានជ័យជំនះ គឺបានទៅលើ បេក្ខជន លីម តិចម៉េង៕