លោក ហ្វៃ សំអាង បង្ហាញអារម្មណ៍បែបនេះ ក្រោយបានដឹកនាំភាពយន្តចម្រៀង«ជីវិតក្មេងវត្ត»

កម្សាន្ត

ប្រិយមិត្តពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលស្រាប់តែដឹងថា អ្នកដឹកនាំរឿង និងអ្នកនិពន្ឋល្បីឈ្មោះ ហ្វៃ សំអាង បានចូលខ្លួនមកប្រឡូកជាថ្មី ក្នុងការមកដឹកនាំសម្តែង ភាពយន្តចម្រៀងដ៏មានអត្ថន័យ កប់ជ្រៅ និយាយពីជីវិតពិតរបស់ថ្នាក់ដឹកនាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបង្ហោះឱ្យដឹងលើគណនីហ្វេសប៊ុកផ្លូវការរបស់ផលិតករភាពយន្តដ៏ល្បីល្បាញ និងជាអ្នកទទួលបន្ទុកដឹកនាំសម្តែង​ភាពយន្ត​ចម្រៀង​ «ទុក្ខស្រីប្តីព្រាត់» និង «ជីវិតក្មេងវត្ត» លោក ហ្វៃ សំអាង បានថ្លៃងអំ​ណរគុណ​ សម្តេចតេជោ​ ហ៊ុន​ សែន​ បាន​ផ្តល់​ឱកាស​ឲ្យ​លោកដឹកនាំ​ការ​សម្ដែង​បទ​ ជីវិត​ក្មេង​វត្ត​ ជា​លើក​ទី​ពីរ​ ដែល​ស្នាដៃ​ទី​១​ ផលិត​នៅឆ្នាំ២០០០​ ដោយ​ផលិតកម្ម​ ហង្សមាស​ មកដល់ពេលនេះមានរយះ​ពេល​២២ឆ្នាំហើយ​ កាលពីផលិតលើកទី១ ប្រើរយៈពេលតែមួយថ្ងៃទេព្រោះជារបៀបចម្រៀង​កាយវិការ​ ខារ៉ាអូខេ​ ហើយក៏មានការគាំទ្រខ្លាំងក្លាដែរធ្វើ​ឲ្យ​តារា​ដែល​សម្ដែង​នៅ​ក្នុង​បទ​នេះកាន់តែមាន​ប្រ​ជា​ប្រិយភាព​​ខ្ពស់​នាសម័យនោះ។

លោកបន្តថា«លើកទី២នេះផលិត​ដោយ​សមាគម​សិល្បករ​ខ្មែរ​ មាន​ទម្រង់​ជា​ភាពយន្ត​ចម្រៀង​ ខុស​ពី​ការ​ផលិត​លើកទី១​ ប្រើ​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​នៅ​ពេល​នេះ​គឺ​ បទ​ចម្រៀង​នេះខ្ញុំ​ស្រលាញ់​ពេញ​ចិត្ត​ ជា​បទ​ចម្រៀង​ដែល​មាន​គ្រប់ជ្រុងជ្រោយ​ ទំនុក​បទ​ភ្លេង​មាន​អត្តសញ្ញាណ​ជា​ខ្មែរ​ ពិរោះ​ទាក់ទាញអ្នកស្តាប់បានគ្រប់វ័យ​ ទំនុក​ច្រៀង​មាន​អត្ថន័យ​ជ្រាលជ្រៅ​ កាព្យ​ឃ្លោង​ចុងចួនរណ្តំ​ណែងណង​ ជា​ពិសេស​បង្កប់​ទៅ​ដោយ​ការ​អប់រំ​ បណ្តុះ​គំនិត​ឲ្យ​ស្រលាញ់​ការ​សិក្សា​ ប្រតិបត្តិ​ធម៌​អា​ថ៍​ មាន​គុណ​ធម៌​ សុជីវធម៌​ តស៊ូ​អត់​ធន​​ កុំអស់​សង្ឃឹម​នឹងភាពក្រ​។ ល។ ព្រោះ​ជា​ខ្សែ​ជីវិត​ពិត​របស់​សម្ដេច​តេជោ​ផ្ទាល់»​។

ទន្ទឹមគ្នានេះ លោក ហ្វៃ សំអាង ក៏បានលើកឡើងបន្តថា«បុគ្គល​បន្ទាប់​ដែល​លោកត្រូវ​អរគុណ​គឺ​ឧត្តម​ភរិយា​ជា​ទី​ស្រលាញ់​របស់លោក​ ព្រោះជា​ទីប្រឹក្សា​មិនអាចខ្វះបានសម្រាប់លោក និ​ងជា​អ្នក​ចាំ​តិះទៀនស្ថាបនា។ បុគ្គល​បន្ទាប់គឺ​​ឧកញ៉ា​ ហេង​ ឡុង​ លោក​ជំទាវ​ ចន​ ច័ន្ទលក្ខិណា​ ​ឧកញ៉ា​ អ៉ឹង​ លីហេង​ បាន​ដាក់​ទុន​ដើម្បីផលិត​​ភាពយន្ត​ចម្រៀង​ ជីវិត​ក្មេង​វត្ត​ នេះចេញ​មក​បាន​ ជា​ពិសេស​អ្នក​ឧកញ៉ា​ ឡេង​ណាវ៉ាត្រា​ បាន​ឧបត្ថម្ភ​សម្ភា​រថត​ ហើយគ្រប់បុគ្គលដែលលោកត្រូវចងចាំនិងអរគុណពួកគាត់គឺ​តារា​សម្តែង​ ព្រម​ទាំង​ក្រុម​ការងារ​គ្រប់​ផ្នែក​ទាំង​អស់​​ដែល​បាន​យក​បេះដូង​មក​ធ្វើ​ការ​»។

អ្នកដឹកនាំរឿង និងអ្នកនិពន្ឋល្បីឈ្មោះរូបនេះ ក៏បានបញ្ជាក់ដែរថា លទ្ធផល​ដែល​ចេញ​មកបានល្អបែបនេះគឺមិនអាចខ្វះអ្នកណាម្នាក់បានទេ​ គឺចេញមកពីការ​សហការគ្នាបានយ៉ាល្អ​មិនអញនិយម​។ បុគ្គល​បន្ទាប់មកទៀត​គឺ​លោក​ លៀក​ លីដា​ ប្រធាន​សមាគម​ភាពយន្ត​ខ្មែរ​និង​ជា​អគ្គនាយក​ផលិតកម្ម​ LD picture បាន​ជួយ​សហការ​ចំពោះ​ការងារ​កាត់ត​ តម្លើង​Master ។

យ៉ាងណា ជា​ចុងក្រោយ លោកក៏បាន​អរគុណអ្នកដែលផ្តល់​ឱសថ​ទិព្វ​ថាមពល​ពិសេស​ សម្រាប់​លោក​និង​ក្រុម​ការងារ​ផលិត​គ្រប់ផ្នែកទាំងអស់​ គឺ​បង​ប្អូន​ទូរទស្សនិកជន​ គ្រប់ជាន់ថ្នាក់​។ ហើយ​អ្នកដែល​បាន​ជួយឲ្យ​ភាពយន្ត​ចម្រៀង​នេះបានទៅដល់បងប្អូន​ទូរទស្សនិកជន​គឺ​​ អស់​លោក​អ្នក​សារព័ត៌មាន​ គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​។

លោកថ្លែងថា៖ «មេដាយ​កិត្តិយស​ដែល​ខ្ញុំ​បាទ​ទទួលបាន​ពីសម្តចតេជោ​ ហ៊ុន​ សែន​ ប្រទាន​ពីព្រះកុណា​ សម្តេច​ព្រះនរោត្តម​ សីហមុនី​ បំពាក់​ដោយ​លោក​ជំទាវ​​ ភឿង​ សកុណា​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ប្រៀបបាន​នឹង​ដុំពេជ្រនៅក្នុង​បេះដូង​របស់ខ្ញុំអរគុណ​សន្តិភាព​»។

គួរបញ្ជាក់ដែរថា ភាពយន្តចម្រៀង ប្រវត្តិសាស្ត្រ «ជីវិតក្មេងវត្ត» ត្រូវបានដាក់សម្ពោធ​ផ្សព្វផ្សាយជាសាធារណៈជាផ្លូវការហើយ ក្រោមវត្តមាន​លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ កាល​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ២០២២ ដោយ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​មន្ត្រីក្រសួង អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ ជាអ្នកឧបត្ថម្ភ ផលិតករ អ្នកដឹកនាំរឿង សិល្បករ និងភ្ញៀវ​កិត្តិយស​សរុប​រហូត ២០០០នាក់៕ អត្ថបទ៖ រង្សី