កម្មវិធីមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២២ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» ត្រូវបានបើកជាផ្លូវការនៅព្រឹកថ្ងៃទី៣ ខែតុលានេះ ក្រោមវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

មហោស្រពល្ខោនបាសាក់ទូទាំងប្រទេសនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព ដោយមានវត្តមានរបស់ក្រុមសិល្បករល្ខោនបាសាក់ជាច្រើន ដែលមកពីបណ្តារាជធានី-ខេត្ត ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងសមត្ថភាពរបស់ខ្លួនលើវិធីសាស្ត្រនៃការដឹកនាំរឿង, សិល្ប៍វិធីនៃការតាក់តែងនិពន្ធ និងសមត្ថភាពនៃការសម្តែង។
ក្រសួងវិចិត្រសិល្បៈ បានឲ្យដឹងថា កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងថែររក្សា ការពារ និងលើកស្ទួយសិល្បៈ ល្ខោនបាសាក់ ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន។

ក្នុងឱកាសនោះ លោកស្រី ភឿង សកុណា បានចាត់ទុកថា «មហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២» នាពេលនេះ មិនត្រឹមតែជាវេទិកាសម្រាប់ការបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ក្រុមនីមួយៗតែប៉ុណ្ណោះទេ ប៉ុន្តែនេះគឺជាពេលវេលាមួយដ៏សំខាន់សម្រាប់សិល្បករទាំងក្នុង និងក្រៅប្រព័ន្ធ មានឱកាសបានជួបជុំគ្នា និងផ្លាស់ប្តូរនូវបទពិសោធន៍ថ្មីៗរវាងគ្នានិងគ្នា។
លោកស្រីថ្លែងថា៖ «ខ្ញុំជឿជាក់ថា នេះគឺវេទិកាមួយដ៏សំខាន់សម្រាប់ផ្សព្វផ្សាយជូនទៅដល់មហាជនគ្រប់ស្រទាប់ថ្នាក់បានទស្សនា និងស្វែងយល់បន្តិចម្តងៗអំពីទម្រង់សិល្បៈខ្មែរជាច្រើន ដែលទាមទារឱ្យមានការចូលរួមយកចិត្តទុកដាក់ ថែរក្សាការពារ និងលើកស្ទួយ»។
បើតាមលោកស្រីសម្រាប់ជាទិសដៅការងារទៅមុខ ដើម្បីពង្រឹង និងពង្រីកវិសាលភាពនៃវិស័យសិល្បៈទស្សនីយភាពនៅកម្ពុជា លោកស្រីគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពវប្បធម៌ ក្នុងគោលបំណងថែរក្សា និងលើកស្ទួយសិល្បៈល្ខោនបាសាក់។ ជាពិសេស ការបង្កើតឱ្យមានមហោស្រព ឬព្រឹត្តិការណ៍វប្បធម៌នានា គឺជាការផ្សព្វផ្សាយ និងផ្តល់ ឱកាសដល់សហគមន៍ យុវជន យុវនារី ដើម្បីចូលរួមថែរក្សា ការពារនូវសម្បត្តិវប្បធម៌ជាតិរបស់ខ្លួន ដូចពាក្យថា «កិច្ចថែរក្សាការពារបេតិកភណ្ឌវប្បធម៌ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។

សូមជម្រាបជូនថា ល្ខោនបាសាក់ មានឈ្មោះដើមជាល្ខោនទ្រើងឃ្លោក មានកំណើតនៅដែនដីកម្ពុជាក្រោម ក្នុងស្រុកបាសក់ ខេត្តព្រះត្រពាំង។ នៅអំឡុងទសវត្សឆ្នាំ១៩៣០ ល្ខោនទ្រើងឃ្លោក ត្រូវបានយកមកសម្តែងនៅទីក្រុងភ្នំពេញ និងបណ្តាខេត្តមួយចំនួនតាមដងទន្លេបាសាក់ហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដោយដំបូងគេហៅថា ល្ខោនមកពីស្រុកបាសាក់ លុះក្រោយមក ក៏ហៅកាត់ខ្លីថាល្ខោនបាសាក់ ហើយក៏ជាប់ឈ្មោះរហូតដល់សព្វថ្ងៃ។
ល្ខោនបាសាក់ គឺមានទាំងការនិយាយ មានទាំងច្រៀង ហើយកំដរដោយភ្លេងបាសាក់។ ល្ខោននេះទៀតសោត មានឥទ្ធិពលមកពីល្ខោនអូប៉េរ៉ារបស់ចិន និងវៀតណាម៕


