មន្ត្រីជាន់ខ្ពស់៖ ទេសចរណ៍ត្រូវបានចាត់ទុកជា “មាសបៃតង”

កម្សាន្ត

លោក រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ទេសចរណ៍ត្រូវបានចាត់ទុកជា “មាសបៃតង” ដោយសារតែតួនាទីរបស់វិស័យនេះចូលរួមនៅក្នុងកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ ការរកប្រាក់ចំណូល ការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រ ការអភិរក្ស បេតិកភណ្ឌធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចដែលមានទំហំផ្ទៃដីក្រោម ១០ហិកតា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ កាលពីថ្ងៃទី៣ តុលាម្សិលមិញ លោក រ័ត្ន វិរៈ លើកឡើងថា អេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌បានរីកចម្រើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ និងបានរួមចំណែកជាង ១០ភាគរយ នៅក្នុងផលិតផលក្នុងស្រុកសរុប (ផ.ស.ស)ប្រចាំឆ្នាំ។

លោកបញ្ជាក់ថា ក្រសួងបរិស្ថានបានកំណត់តំបន់អេកូទេសចរណ៍អាទិភាពថ្នាក់ជាតិចំនួនប្រាំមួយ(៦) តំបន់ ដោយជ្រើសរើសចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដើម្បីជាមូលដ្ឋានក្នុងការជំរុញការអភិវឌ្ឍសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ក្នុងតំបន់ ពិសេសការចូលរួមរបស់ភាគីពាក់ព័ន្ធ ទាំងផ្នែកសាធារណៈ ផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍ ដែលតំបន់ទាំងនោះរួមមាន៖ ១.តំបន់អេកូទេសចរណ៍នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ២.តំបន់អេកូទេសចរណ៍ទេសភាពជួរភ្នំក្រវាញ ៣.តំបន់អេកូទេសចរណ៍ឆ្នេរ ៤.តំបន់អេកូទេសចរណ៍ឋាបនីយជីវៈមណ្ឌលបឹងទន្លេសាប ៥.តំបន់អេកូទេសចរណ៍ព្រៃឡង់ ៦.តំបន់អេកូទេសចរណ៍ភូមិភាគឥសាន្ត។

សូមជម្រាបថា កម្ពុជាបានបង្កើតតំបន់ការពារធម្មជាតិចំនួន ៧៣ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិចំនួន០៣ (របៀងអភិរក្សជីវៈចម្រុះឦសាន របៀងអភិរក្សជីវៈចម្រុះឧត្តរ និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ) សរុបផ្ទៃដីមានប្រមាណជា ៧,២លានហិកតា ស្មើនឹង៤១% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល ដែលនេះជាវិសាលភាពផ្ទៃដីដ៏ធំធេង ដែលត្រូវឱ្យមានការរៀបចំបែងចែកតំបន់ ការពង្រឹងការគ្រប់គ្រង និងទាញយកសក្តានុពលពីធនធានធម្មជាតិទាំងនោះមកបម្រើឱ្យសេដ្ឋកិច្ចសង្គម ប្រកបដោយ ការទទួលខុសត្រូវ និងមាននិរន្តរភាព ជាពិសេសគឺការផ្តល់បរិយាកាសអំណោយផលសម្រាប់ការវិនិយោគលើទេសចរណ៍ធម្មជាតិ៕